សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករក្នុងផ្សារពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចបានបញ្ជាក់ប្រាប់ដល់ក្រុមអាជីវករថា បងប្អូនអាជីវករដែលកំពុងលក់ដូរក្នុងផ្សារនេះទាំងអស់ អាចលក់ដូរពេញមួយជីវិត តកូន-តចៅ ដោយពុំមានបញ្ហាអ្វីទេ លើសពីនេះអាជ្ញាធរខេត្តនឹងធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិជូនបងប្អូនផងដែរ។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយអាជីវករនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់ក្រុមអាជីវករទាំងអស់ថា កុំជឿនូវការញុះញុងបោកប្រាស់ របស់ក្រុមមួយចំនួន ដែលតែងដើរនិយាយថា ការលក់ក្នុងផ្សារនេះមិនបានយូរ មានបញ្ហានេះបញ្ហានោះ តែការពិតមិនដូច្នេះទេ គឺរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យបងប្អូនលក់ដូរពេញមួយជីវិត ដើម្បីឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានធូរធារ៕