ឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុកប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ អញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិ កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ក្រោមប្រធានបទ “រស់នៅដើម្បីប្រាប់ថា៖ ការលើកកម្ពស់ការយល់ដឹង អំពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ការកាត់បន្ថយការស្លាប់ដោយគ្រោះមហន្តរាយ”។
ទិវានេះត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណដីវាល ខាងកើតទំនប់ហុងចារឹក ស្ថិតក្នុងភូមិបឹងឈូក ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសាខា ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា អស់លោក លោកស្រីក្នុងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងយុវជនស្ម័គ្រចិត្តជាច្រើននាក់ផងដែរ៕