ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដង្ហែកឋិនទានសាមគ្គីទៅកាន់វត្តព្រែកស្តី ប្រគេនបច្ច័យព្រះសង្ឃ ២០លាន ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដង្ហែកឋិនទានសាមគ្គីទៅកាន់វត្តព្រែកស្តី ប្រគេនបច្ច័យព្រះសង្ឃ ២០លាន ក្រៅពីនោះសម្រាប់ជួយដល់វត្តខ្វះខាត ក្នុងក្រុងពោធិ៍សាត់ ចំនួន៥វត្តទៀត
(ពោធិ៍សាត់)៖ កឋិនទានសាមគ្គី ក្រោមការផ្តួចឡើង របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដែលបានប្រារព្ធធ្វើ នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០១៦ ដង្ហែទៅវេប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមាវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលក្នុងវត្ត និងជួយដល់បណ្តាវត្តដែលខ្វះខាត ក្នុងក្រុងពោធិ៍សាត់ ចំនួន ៥វត្តទៀត។
អង្គកឋិនទាននេះ បានប្រារព្ធធ្វើពិធីនមស្សកា ព្រះរតនត្រ័យ និមន្តព្រះសង្ឃ៥អង្គ ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី, លោកឧកញ៉ា ភួ ពុយ អគ្គនាយកធានាគារស្រូវកម្ពុជា ភីអិលស៊ី, លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ ព្រមទាំងសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្រោយពីបានដង្ហែអង្គកឋិនទានចេញពីសាលាខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់វត្តហង្សាបិតិ ហៅវត្តព្រែកស្តី លុះវេលាម៉ោង១២ថ្ងៃត្រង់ (ថ្ងៃទី៣០ ខែតុលា) ម្ចាស់ដើមទានប្រធានដើមបុណ្យទាំងអស់ បានរួមគ្នាដង្ហែប្រទក្សិណព្រះវិហារ ចំនួន៣ជុំ ទៅតាមប្រពៃណី នៃពុទ្ធសាសនាយ៉ាងអធិកអធមក្រៃលែង។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងការកោតសរសើរ ទៅដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចនៅចំណុះជើងវត្តស្បូវរីក ដែលបានរួបរួមជាកម្លាំងមហាសាមគ្គី បង្កើតឲ្យមានជាអង្គកឋិនទាននេះឡើង ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាស ក្នុងព័ទ្ធសីមាវត្តព្រែកស្តី និងគៀងគរធនធានថវិកា សម្រាប់យកមកកសាងសមិទ្ធផលបន្ថែមនៅក្នុងវត្តនេះផង និងជួយទៅដល់វត្តផ្សេងៗ ដែលមានការខ្វះខាត ក្នុងក្រុងពោធិ៍សាត់។
ឯកឧត្តមអភិបាលខេត្តបានលើកទៀតថា ដោយមានគុណបំណាច់ដ៏ធំធេងថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ វិស័យពុទ្ធសាសនា បានរស់រានរហូតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយធានាបាននូវស្ថិរភាព នយោបាយ ពន្លត់សង្រ្គាមរ៉ាំរ៉ៃ បានទាំងស្រុងនៅកម្ពុជា។ នៅក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបានប្រសិទ្ធិពរជ័យដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមាជិកាសាខាសមាគមនារី និងពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងអង្គកឋិនទាននេះ សូមឲ្យមហាកុសលផលបុណ្យ និងវត្ថុក្នុងលោកតាមជួយថែរក្សា ជួបតែសេចក្តីសុខគ្រប់ប្រការ។
សូមបញ្ជាក់ថា បច្ច័យបានមកពីកឋិនទាន ដែលផ្តួចផ្តើមឡើងរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត បានបច្ច័យចំនួន ៤៨លានរៀល រួមទាំងចំណុះជើងវត្ត ៥០០០ដុល្លារ ក្នុងនោះសម្រាប់វត្តព្រែកស្តី ប្រគេនបច្ច័យជាង ២០លានរៀល និងនៅសល់ពីនោះសម្រាប់យកទៅជួយវត្តខ្វះខាតផ្សេងៗទៀត ក្នុងក្រុងពោធិ៍សាត់ ចំនួន៥វត្តផងដែរ៕