ក្រុមហ៊ុនបរទេសពីរ ចាប់អារម្មណ៍វិនិយោគគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត
នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Ritikone Phuommaska ប្រធាននៃ AIF Group និងលោក Pheutsapha Phuommasak ប្រធាន AIDC ដោយក្រុមហ៊ុនទាំងពីរនេះ ចាប់អារម្មណ៍វិនិយោគលើហេដ្ឋារចនាសម្ព័ន្ទនៅកម្ពុជា។
លោក Ritikone Phuommaska បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីសកម្មភាពរបស់ក្រុមហ៊ុន នៅក្នុងប្រទេសឡាវនិងមីយ៉ាន់ម៉ា និងបានសំដែងនូវចំណាប់អារម្មណ៍ ក្នុងការចូលរួមចំណែកពង្រឹង និងធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាជាពិសេសពាក់ព័ន្ធទៅនិងគម្រោង ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលស្គាល់នូវសមត្ថភាពរបស់ក្រុមហ៊ុន ព្រមទាំងបានជម្រាបពីការសិក្សាថ្មីៗ និងស្ថានភាពទាក់ទងទៅនិងគំរោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និង ហូជីមិញ-ម៉ក់ ប៉ៃ។ ឯកឧត្តមបានសុំអោយក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត លោគម្រោងដែលក្រុមហ៊ុនកំពុងចាប់អាចរម្មណ៍នេះ។
គួរបញ្ជាក់ថា ថ្មីៗនេះ កម្ពុជា និងជប៉ុនកំពុងតែសិក្សាពីលទ្ធិភាពលើគម្រោងផ្លូវល្បឿនលឿន ពីទីក្រុងភ្នំពេញ ឆ្ពោះក្រុងបាវិតដែលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា ២,៥០០លានដុល្លារអាមេរិក៕