ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែង មន្ត្រីរាជការសាលាស្រុកភ្នំក្រវាញ ចំនួន ០៣រូប នាព្រឹកថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាស្រុក ដោយមានការចូលរួមពី ឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ និង អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរឃុំ និង មន្រ្តីរាជការជុំវិញស្រុកជាច្រើននាក់ ។
ផ្អែកតាមប្រកាសលេខ ៦០៩៨.ប្រក ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៥ របស់ក្រសួងមហាផ្ទៃ ដែលអានដោយ លោក ម៉ូវ ម៉ានិត នាយករដ្ឋបាលសាលាខេត្ត ត្រូវបានសម្រេចប្រកាសតែងតាំង លោក ទឹម យាន អតីតជានាយករដ្ឋបាលសាលាស្រុក មកជា អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ និង មន្ត្រីពីររូបទៀត គឺលោក ឡាំ សុផល ជានាយករងរដ្ឋបាល និង លោក ឆេង ជឿន ជាប្រធានការិយាល័យអន្តរវិស័យសាលាស្រុកភ្នំក្រវាញ តាមដីកាលេខ ០៣ ចុះថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៥ របស់សាលាខេត្ត ។
បន្ទាប់ពីការប្តេជ្ញាចិត្ត របស់លោក ទឹម យាន រួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ៖ការប្រកាសតែងតាំងចូលកាន់មុខតំណែង លោក ទឹម យាន អតីតជានាយករដ្ឋបាលសាលាស្រុក មកជា អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ និង មន្ត្រីពីររូបទៀត គឺជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ តែងតែមានការផ្លាស់ប្តូរជាធម្មតា ទៅតាមសភាពការជាក់ស្តែងនៅក្នុងតំបន់នោះ ។ នៅពេលទទួលបានមុខងារ ស្របតាមលក្ខណៈច្បាប់ហើយនោះ សូមលោក អនុវត្តការងារ និង ត្រូវចែករំលែកការងារទាំងនោះ ទៅថ្នាក់ក្រោមរបស់ខ្លួន មានកិច្ចសហការល្អជាមួយថ្នាក់ក្រោម ចៀសវាងការច្រណែន ឈ្នានីស ប្រកាន់បក្ខពួក ដែលនាំឲ្យការងារមិនរលូន ។ បន្ថែមពីនោះទៀតថា យើងធ្វើជាម៉ែឪគេ ត្រូវធ្វើយ៉ាងណាឲ្យកូនចៅ គោរពស្រឡាញ់ ចូលចិត្ត ធ្វើតែអំពើល្អ នឹងម៉ឹងម៉ាត់ចំពោះការងាររដ្ឋបាលរបស់ខ្លួនដែលគ្រប់គ្រង ពិសេសបង្ក្រាបឲ្យខានតែបានល្បែងស៊ីសង និង ក្មេងទំនើង ៕