សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម ចច អេហ្ការ (George Edgar)ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨មករានេះ។
នៅក្នុងជំនួបនោះ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកមកកម្ពុជានាពេលនេះ ក្នុងនាមតំណាងឲ្យប្រទេសចំនួន ២៨ រដ្ឋនៅសហគមន៍អឺរ៉ុប ។ ហើយឯកឧត្តម ក៏កោតសសើរចំពោះការីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជានាបច្ចុប្បន្ន ។
ជាងនេះទៅទៀត ឯកឧត្តម George Edgar បានសំដែងការរីករាយយ៉ាងខ្លាំងដោយបានមើលឃើញទំនាក់ទំនងល្អ រវាងកម្ពុជា និង សហគមន៍អឺរ៉ុប ពិសេសលើវិស័យអប់រំ កសិកម្ម និង វិស័យផ្សេងៗទៀត ដែលក្នុងនោះ មានគម្រោងភាពជាដៃគូដែលមានថវិកាយ៉ាងច្រើន ។ ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជា ដែលសម្រេចបានយ៉ាងជោគជ័យនូវផែនការអភិវឌ្ឍសហស្សវត្ស ហើយ នេះគឺជាមូលដ្ឋាន មួយសម្រាប់សហគមន៍អឺរ៉ុប និង កម្ពុជា ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ។
មានប្រសាសន៍នៅក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម George Edgar ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ។ សម្ដេច បានថ្លែងអំណរគុណចំពោះ សហគមន៍អឺរ៉ុប ដែលបានជួយដល់កម្ពុជា លើវិស័យអាទិភាពរបស់កម្ពុជា ដូចជាវិស័យអប់រំ វិស័យកសិកម្ម ជាដើម ។ សម្ដេចបានមានប្រសាសន៍លើកឡើងថាសហគមអឺរ៉ុប និង កម្ពុជា មានគម្រោងយ៉ាងច្រើន ដើម្បីអនុវត្ត ។
ជាមួយគ្នានេះសម្ដេច បានស្នើឲ្យសហគមន៍អឺរ៉ុបបន្តធ្វើការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឲ្យគម្រោងទាំងនោះទទួលបាន ជោគជ័យ ដែលជាកត្តាពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និង សហគមន៍អឺរ៉ុប កាន់តែប្រសើរឡើង ៕