ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តការខិតខំប្រឹងប្រែងថែមទៀត ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង ជីវភាពរស់នៅរបស់ប្រជាជន ។
ការថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៥ និង លើកទិសដៅអនុវត្តន៍ការងារឆ្នាំ ២០១៦ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្ត ។
ឯកឧត្តម ប៉ុល លឹម ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តសម្រេចបាននូវសមិទ្ធិផលផ្លែផ្កាជាច្រើនជូនជាតិ និង ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០១៥កន្លងមក ។
ជាមួយគ្នានោះដែរ ឯកឧត្តមបានបំពាក់គ្រឿងឥស្សរិយសជូនដល់មន្រ្តីដែលមានស្នាដៃល្អចំនួន ៦៨រូប ក្នុងនោះមាន ថ្នាក់ប្រាក់០៨រូប ថ្នាក់អស្សរិទ្ធ ៣៧រូប និង ថ្នាក់មាស ២៣រូប។