សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយគណៈប្រតិភូ គណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា (អាយភីយូ) ចូលជួបសម្តែងការគួសម


ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយគណៈប្រតិភូ គណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា (អាយភីយូ) ចូលជួបសម្តែងការគួសម។
ជាកិច្ចចាប់ផ្តើម សម្តេចប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចការងារ នៅកម្ពុជា របស់គណៈកម្មាធិការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា (អាយភីយូ)។
គណៈកម្មាធិការសិទ្ធិមនុស្ស IPU បានសម្តែងការកោតសរសើរ និងវាយតម្លៃ ចំពោះកិច្ចសហប្រតិបត្តិការ របស់កម្ពុជា ក្នុងការងារ និងការគោរពសិទ្ធមនុស្សបានល្អ កន្លងមក។
សម្តេចភក្តី មានប្រសាសន៍ជម្រាបជូន គណៈកម្មាធិការអន្តរសភា (អាយភីយូ)ថា កម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ប្រជាពលរដ្ឋមានសិទ្ធិ ក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន ស្របគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងមានសេរីភាព ក្នុងការបញ្ចេញមតិ, សេរីភាពខាងសារព័ត៌មាន ខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការប្រជុំ។
កន្លងមក រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល សុទ្ធតែមានគណៈកម្មការសិទ្ធិមនុស្ស ហើយអង្កការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល សង្គមស៊ីវីល និងអង្កការអន្តរជាតិ ក៏ត្រូវបានអនុញ្ញាតអោយបង្កើតឡើង និងបានដំណើរការយ៉ាងទូលំទូលាយផងដែរ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែធ្វើរបាយការណ៍លម្អិត និងទទួលអនុសាសន៍ស្តីពីបញ្ហាសិទ្ធិមនុស្ស ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងដាក់បញ្ជូលក្នុងកម្មវិធីនយោបាយរបស់ខ្លួន សំដៅលើកកម្ពស់សមត្ថភាព ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។
រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ជានិច្ច ក្នុងការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ជាក់ស្តែង បច្ចុប្បន្នកំពុងបន្តធ្វើការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ, កំណែទម្រង់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកទូលាយ និងស្វាគមន៍ ដល់ប្រជាពលរដ្ឋ អ្នកនយោបាយអង្គការសង្គមស៊ីវីល អ្នកសារព័ត៌មាន ក្នុងការសម្តែងទស្សនៈ សម្តែងសិទ្ធិនយោបាយ សិទ្ធិក្នុងការប្រជុំ និងការធ្វើបាតុកម្ម ដោយគោរពច្បាប់របស់កម្ពុជា ព្រោះកម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញ។
ក្នុងជំនួបនោះផងដែរ គណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សអន្តរសភា (អាយភីយូ) បានស្នើមកសម្តេចភក្តី សុំជួយអន្តរាគមន៍ ដើម្បីបានការអនុញ្ញាត ចូលជួបសូរសុខទុក្ខ ឯកឧត្តម ហុង សុខហួ ដែលកំពុងជាប់នៅមន្ទីរឃុំឃាំង គុកព្រៃស។
ជាការឆ្លើយតប សម្តេចភក្តី បានមានប្រសាសន៍ថា សូមអោយឯកឧត្តម និងគណៈប្រតិភូ ស្នើទៅក្រសួងស្ថាប័នមានសមត្ថកិច្ច, ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃវិញ។

12745648_577895399042014_6602203687975694971_n 942863_577895625708658_8180779036944879232_n 10409467_577895459042008_622527602746284811_n 12705273_577895702375317_1738442304035551245_n 12742628_577895492375338_6384838297871723691_n 12744592_577895652375322_315723642094853532_n 12745420_577895412375346_391215869801789278_n