នៅព្រឹកថ្ងៃទី ២៥ កុម្ភះនេះ សម្តេចតេជោ ហ៊ុន សែនបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាត និងសម្ពោធអាគារ មរតកតេជោ នៃក្រសួងបរិស្ថាន។
«អាគារមរតកតេជោ» បានសាងសង់លើផ្ទៃដីទំហំ ៦,៨០០ម៉ែត្រក្រឡា មានទីតាំងចន្លោះស្ពាននាគ និងស្ពានតន្ត្រីកោះពេជ្រ រាជធានី ភ្នំពេញ។ អាគារនេះមានទទឹង ២៦ម៉ែត្រ និងបណ្តោយ ១១០ម៉ែត្រ មានកម្ពស់ ៣៩ម៉ែត្រ (៦ជាន់) បានចំណាយថវិកាសាងសង់ជិត ៨លានដុល្លារ ។
សម្តេច តេជោ ហ៊ុន សែន កោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់ ក្រសួងបរិស្ថាន ជាពិសេស ចំពោះសមិទ្ឋផលអាគាដ៏ស្រស់ស្អាតនេះ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង ក្នុងការជំរុញកំណែទម្រង់ក្នុងក្រសួងអោយសំរេចបានជោគជ័យ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងសហការរួមគ្នានៅគ្រប់កម្រិតស្ថាប័នទាំងជាតិ និងអន្តរជាតិដើម្បីចូលរួមគាំទ្រ និងការពារវិស័យបរិស្ថានកម្ពុជា និងបរិស្ថានពិភពលោក ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើររដ្ឋមន្រ្តីក្រសួងបរិស្ថាន ជារដ្ឋមន្រ្តីដំបូងគេបង្អស់ក្នុងរាជរដ្ឋាភិបាលកម្ពុជាជាង ៣០ឆ្នាំមកនេះ ដែលបានស្នើប្រគល់តួនាទីនិងការទទួលខុសត្រូវដែលមិនមែនជារបស់ក្រសួងបរិស្ថាន ឲ្យក្រសួងដទៃគ្រប់គ្រង គឺមិនស្រវ៉ាឱបការងារច្រើនដូចរដ្ឋមន្រ្តីមួយចំនួន ។ ករសួងបរិស្ថានត្រូវប្រគល់ដីនៅតំបន់វិនិយោគអភិវឌ្ឍន៌ ឬដីសម្បទានសេដ្ឋកិច្ចនានាទៅឱ្យ ក្រសួងកសិកម្មជាអ្នកគ្រប់គ្រង ហើយក្រសួងបរិស្ថានត្រូវទទួលយកតំបន់អភិរក្សពីក្រសួងកសិកម្មមកគ្រប់គ្រងវិញ នេះជាកំណែទម្រង់មួយដែមានប្រសិទ្ឋិភាព និងជាចំណុចដែលយើងចង់បាន ហើយ សម្តេចតេជោ បានអំពាវនាវដល់រដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់ ឱ្យបញ្ឈប់ការឱបយកការងារខុសជំនាញ។ ក្រសួងទាំងពីរត្រូវបន្តពិនិត្យមើលថាតើមុខងារណាខ្លះដែលត្រូវផ្ទេរ ដើម្បីប្រសិទ្ធភាពការងារ។
នៅព្រឹកមិញនេះ សម្តេចតេជោ ក៏បានបញ្ជាក់សារជាថ្មីផងដែរថា ការបង្រ្កបបទល្មើសព្រៃឈើត្រូវតែអនុវត្តន៌អោយបាន ព្រោះសម្តេចបានផ្តល់ឧទ្ឋម្ភាគច័ក្រសម្រាប់ដឹកនាំក្រុមការងារដើម្បីឈានទៅបញ្ចប់បទល្មើស និងជំនួញព្រៃឈើខុសច្បាប់ដែលបំផ្លាញធនធានធម្មជាតិកម្ពុជា។ បើធ្វើកិច្ចការនេះមិនបាន ឬក៏ធ្វើជាមើលមិនឃើញ មានន័យថាមន្រ្តីនិងអាជ្ញាធរមួយចំនួនទាំងនោះចូលដៃជើងជាមួយឈ្មួញទុច្ចរិត?សួរថាតើធ្វើឬមិនធ្វើ?