សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតអោយ លោក SIDDHARTHA KAUL ចូលជួបសំដែងការគួរសម


កាលពីរសៀលថ្ងៃទី ២ មិនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតអោយ លោក SIDDHARTHA KAUL ប្រធានអង្គការ SOS-KDIនិងគណៈប្រតិភូអង្គការដែលមករួមប្រជុំគ្នានៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងាររីកចម្រើនថ្មីៗ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក SIDDHARTHA KAUL បានជំរាបជូនសម្តេចតេជោ អំពីការរីកចម្រើននៃអង្គការ SOS ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ អង្គការ SOS ចាប់បដិសន្ធិនៅឆ្នាំ១៩៤៩ ដែលមានបេសកកម្ម ជួយពង្រឹងសុខុមាលភាពកុមារដែលត្រូវការជួយថែទាំជាប្រចាំដូចជាកុមារដែលបាត់បង់ឪពុកម្តាយ កុមារដែលឪពុកម្តាយបោះបង់ចោល និងឬកុមារដែលងាយរងគ្រោះដោយប្រការផ្សេងៗជាដើម។ បេសកកម្មរបស់អង្គការគឺកំពុងតែដំណើរការក្នុងប្រទេស ចំនួន១៣៣ ហើយកំពុងតែផ្តល់នូវការថែទាំ អប់រំ និងសេវា សុខភាពដល់កុមារ ចំនួន ២,៣លាននាក់ ទូទាំងពិភពលោក ។ ដោយឡែកនៅកម្ពុជា អង្គការនេះមានមូលដ្ឋាន និងសកម្មភាព ៦កន្លែង និង៦ខេត្ត មាននៅទីក្រុងភ្នំពេញ សៀមរាប បាត់ដំបង រតនគិរី ក្រចេះ និងកំពត ហើយនឹងអាចបន្ថែមនៅ ខេត្តព្រៃវែង។
ចំពោះ សកម្មភាពនៅកម្ពុជា នេះ លោកបានមានប្រសាសន៍ថា ទោះបីជាអង្គការនេះ មានវត្តមាននៅកម្ពុជា ត្រឹមតែ១៥ឆ្នាំក៏ដោយ ប៉ុន្តែបានទទួលជោគជ័យយ៉ាងខ្លាំង ដោយបានជួយកុមារជាច្រើនបានចូលរៀន នៅសាកលវិទ្យាល័យ។ លោកប្រធានអង្គការបានថ្លែងអំណរគុណ សម្តេចតេជោ ដែលជាសមាជិករបស់អង្គការនេះមួយរូបដែ និងអរគុណរាជរដ្ឋាភិបាល និងប្រទេសកម្ពុជាដែលបានជួយគាំទ្រ និងលើកទឹកចិត្តដល់អង្គការនេះឱ្យទទួលបានជោគជ័យក្នុងការជួយកុមារនៅកម្ពុជា។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជាគឺជាប្រទេសមួយធ្លាប់មានអត្រាកុមារកំព្រាច្រើនជាងគេលើពិភពលោកក្នុងជំនាន់សង្រ្គាម ។ កុមារកំព្រាទំាងនោះចែកចេញជាបីប្រភេទ គឺ កុមារកំព្រាដែលស្លាប់ទំាងឳពុកនិងម្តាយ កុមាកំព្រាដែលស្លាប់តែម្តាយ និងកុមារកំព្រាដែលស្លាប់តែឳពុក។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតជ្ឈមណ្ឌលកុមារជាច្រើនជួយកុមារ (កូលាប១ កូលាប២។ល។)។ ក្រៅពីទទួលបានកន្លែងស្នាក់នៅ គឺកុមារទទួលបានការថែទាំ និងសិក្សារៀនសូត្រយ៉ាងតិត ៦ឆ្នាំ រហូតដល់ពួកគេទទួលបានចំណេះវិជ្ជា ហើយបានក្លាយជាអាណាព្យាបាលមួយចំនួនទៀតផង។
សម្តេចតេជោ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋកម្ពុជា និង សមាគម អង្គការក្រៅរដ្ឋាភិបាលទាំងអស់ ដែលទទួលយកកុមារកំព្រាយកទៅចញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការសិក្សាអប់រំដល់ពួកគេ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមសមាជិកអង្គការ SOS មានសេចក្តីរីករាយ និងមានមោទនាភាពចំពោះអង្គការ SOS ដែលបានជួយកុមារកំព្រាកម្ពុជាអោយមានឱកាសដូចកុមារដទៃៗទៀត នៅក្នុងប្រទេស ហើយនៅថ្ងៃសៅរ៍ នេះ សម្តេចតេជោ នឹងអញ្ជើញទៅសម្ពោធអាគារមជ្ឈមណ្ឌលអង្គការ SOS ថ្មីមួយទៀតនៅខេត្តកំពតដើម្បីផ្តល់ទីកន្លែងរស់នៅកាន់តែល្អប្រសើរដល់កុមារកំព្រាកម្ពុជា៕

12814023_964496040265560_8387291804850690240_n 12524278_964496360265528_1710722475414972647_n 12798829_964496003598897_4142118988707537794_n 12798883_964496353598862_7394319090922191730_n 12799089_964496356932195_3114064404172152080_n 12799298_964496156932215_6855369175299233686_n 12803084_964496143598883_6947819527553849107_n 12804645_964496440265520_534998617779699127_n 12805649_964496443598853_197525436144847668_n 12806115_964496276932203_7802921058205298719_n