សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា


នៅព្រឹក ថ្ងៃទី១៤ មីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។

សន្និសីទនេះ ធ្វើឡើងក្នុងឱកាសរំលឹកខួប ១០ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសថា «ឆ្នាំ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» និងដើម្បីផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបានរយៈពេលកន្លងមក ពិសេសចង់បង្ហាញពីអត្ថប្រយោជន៍ និងតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដែលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានកោដសរសើរធនាគាជាតិនៃកម្ពុជា ក្នុងរយៈពេលកន្លងមកនេះដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការកាត់បន្ថយភាពក្រក្ររបស់ប្រជាជន។ ហើយកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ឋសាស្ត្រមួយចំនួនក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យនេះ ហើយភាពរីកចម្រើននៃមីក្រូហិរញ្ញវត្ថុនេះ គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបអាចមានឱកាសក្នុងការអភិវឌ្ឍន៌វិស័យនេះ ។

ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ថា កន្លងទៅមានអង្គការ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនបានអោយលុយប្រជាពលរដ្ឋខ្ចី ដោយមិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់ តែដល់ពេលប្រជាពលរដ្ឋមិនមានលុយសងនោះ គឺបានរឹបអូសយកទ្រព្យសម្បតិ្ត ដីធ្លី ឬផ្ទះជាដើម ហាក់ដូចជាមានគម្រោងផែនការកេងចំណេញពីពលរដ្ឋ។ សម្តេចតេជោ អំពាវនាវដល់ភ្នាក់ងារអង្គការ និងស្ថាប័នទាំងនេះ បញ្ឈប់សកម្មភាពខាងលើ ហើយទន្ទឹមនិងនេះ គឺអាជ្ញាធរមានសមត្ថកិច្ចមិនត្រូវពាក់ព័ន្ឋ ឬការពារភ្នាក់ងារអង្គការទាំងអស់នោះឡើយ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួននៅនឹងកន្លែង ប្រសិនបើអ្នកនយោបាយណា ឬតំណាងរាស្រ្តណាដែលសន្យាបោកប្រាស់ប្រជាពលរដ្ឋ ដោយសន្យាថានឹងលុបបំណុលប្រជាពលរដ្ឋចោលពេលដែលគេឈ្នះឆ្នោត ពីព្រោះនេះ ជារឿងបោកប្រាស់និងល្មើសច្បាប់ខុសពីបទបញ្ញាតិផ្នែកហរិញ្ញវត្ថុ។ ចំណុចសំខាន់មួយទៀត គឺសម្តេចតេជោ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្លួននៅពេលដែលមានក្រុមហ៊ុនភ្នាក់ងារហិរញ្ញវត្ថុទាំងឡាយណាដែលសន្យាអោយការប្រាក់ខ្ពស់រហូតដល់ ១២% ។ នេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនហើយបានចាញ់បោក និងកំពុងចាញ់បោកក្រុមភ្នាក់ងារទាំងនោះ។ សម្តេចតេជោ បានបញ្ជាអោយក្រសួងពាក់ព័ន្ឋ និងមន្រ្តីមានសមត្ថកិច្ចពិនិត្យតាមដានក្រុមហ៊ុន និងភ្នាក់ងារទាំងអស់នោះ។

ក្នុងសន្និសីទនេះ ក៏នឹងពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖
១. លទ្ធភាពក្នុងការប្រើប្រាស់ និង ទទួលបានសេវាហិរញ្ញវត្ថុ
២. ការឲ្យខ្ចីក្នុង និងក្រៅប្រព័ន្ធ
៣. ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន
៤. សេវាធនាគារចល័ត៖ ឱកាស និង ការប្រឈម និងទី
៥. តួនាទីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងសកម្មភាពសង្គម និងបរិស្ថាន។

ដូចច្នេះតាមរយៈ សន្និសីទជាតិថ្ងៃនេះ នឹងជួយពង្រឹងវិស័យមីក្រូហិរញ្ញវត្ថុនេះ អោយកាន់តែរឹងមាំ ជាមួយនិងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍន៍ជីវភាពរស់នៅប្រជាពលរដ្ឋ និងកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនលឿនទៅមុខ៕

894_971841876197643_6907750709895879528_n 7350_971842192864278_1823816991249561338_n 60183_971842392864258_6755186365556344469_n 1452161_971841762864321_7505806357425494771_n 1929362_971842239530940_2188468026896324045_n 10370992_971842396197591_3822894673445799037_n 10403452_971842236197607_664464376172165832_n 11216818_971842196197611_5601793315556660839_n 11234920_971842032864294_4613455382648322893_n 12239884_971842199530944_1291536362708414508_n 12512378_971842402864257_8756618705625107056_n 12821397_971842232864274_7998538202973580445_n