អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ត្រូវបានឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មការ តំណាងឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយស សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ យកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះភ្លើងឆេះតូបផ្សារភូមិពោធិ៍ចំនួន ៨តូប ស្មើនឹង ៨គ្រួសារ នៅភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦ ។
សូមបញ្ជាក់ថា នាវេលាម៉ោង ៨៖០៣នាទីយប់ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ មានករណីឆេះតូបអាជីវករផ្សារភូមិពោធិ៍ចំនួន ៨តូប ដោយប្រក់ស័ង្កសី ជញ្ជាំងក្តារ ហើយករណីខាងលើនេះបណ្តាលមកពី ការប្រើប្រាស់ចង្ក្រានហ្កាស ពីតូបឈ្មោះ ឈុន វី ធ្វើឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ផងដែរ ។
គ្រួសាររងគ្រោះភ្លើងឆេះតូចផ្សារភូមិពោធិ៍ ទាំង៨គ្រួសារ ទទួលបានមួយគ្រួសារ អង្ករ៥០គីឡូក្រាម តង់ខៀវ១ កន្ទេល១ មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ធំ និង ថវិកា១០ម៉ឺនរៀល ។ ដោយឡែកជនរងគ្រោះ ក្នុងឧបទ្ទវហេតុឆេះតូបផ្សារភូមិពោធិ៍ចំនួន ៤នាក់ របួសធ្ងន់មួយនាក់ទទួលបានថវិកា ១លានរៀល សម្រាប់បន្តទៅព្យាបាលជំងឺនៅរាជធានីភ្នំពេញ និង របួសស្រាលចំនួន ៣នាក់ទៀត ទទួលបានថវិកា ៥ម៉ឺនរៀល ។
ជាងនេះទៅទៀតថវិកា របស់សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ចំនួន ១លានរៀលទៀត ត្រូវបានប្រគល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សម្រាប់គាំទ្រសមកម្មភាពសង្គ្រោះទាន់ពេលវេលា ។
នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា បានបន្តដឹកនាំសមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត យកអំណោយមនុស្សធម៌ រួមមានគ្រឿងឧបភោគ និង គ្រឿងបរិភោគ ព្រមទាំងថវិកាមួយចំនួន ប្រគល់ជូនជនចាស់ជរា គ្មានទីពឹង និង ស្ត្រីផ្ទុកមេរោគអេដស៏ដល់លំនៅដ្ឋាន ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ផងដែរ ។