ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៦នេះ បានដឹកនាំមន្ទីរជំនាញ អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និង ពិនិត្យមើលទីតាំងកំពុងខួងអណ្តូងស្នប់ ទាំង ១៤កន្លែង ក្នុងស្រុកកណ្តៀង និង ស្រុកបាកាន ដើម្បីពន្លឿនឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ទឹកទាន់ពេលវេលា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ក្នុងការដោះស្រាយលទ្ធភាពទឹកប្រើប្រាស់ ទាំងអ្នកដែលរស់នៅជនបទ និង រស់នៅឆ្ងាយពីប្រភពទឹក ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តចុះពិនិត្យមើលការដ្ឋានស្ថាបនា ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ ប្រវែងជាង ៧គីឡូម៉ែត្រ តភ្ជាប់ពីឃុំស្រែស្តុក ទៅឃុំរាំងទិល ស្រុកកណ្តៀង ដែលចាប់ផ្តើមសាងសង់តាំងពីចុងឆ្នាំ ២០១៥ រហូតមកដល់ពេលនេះស្ថាបនាបានជិត ៨០% និង បានផ្តល់អនុសាសន៍មួយចំនួន ដល់ក្រុមហ៊ុនទទួលម៉ៅការស្ថាបនា ធ្វើយ៉ាងណាអនុវត្តឲ្យបានល្អ ពោលគឺទាមទាយកគុណភាព និង ប្រើប្រាស់បានយូរអង្វែង ។
គួរបញ្ជាក់ថា បើទោះបីទីតាំងផ្លូវលំនេះ ស្ថិតនៅក្នុងតំបន់៣ អភិរក្សមច្ឆាជាតិ និង ការពារព្រៃលិចទឹក របស់រាជរដ្ឋាភិបាលក៏ពិតមែន ផ្អែកលើការលំបាករបស់ប្រជាពលរដ្ឋកន្លងមក គឺបញ្ហាធ្វើដំណើរ ដឹកជញ្ជូនកសិផល ពិសេសពេលបញ្ជូនអ្នកជំងឺ និង ស្ត្រីឆ្លងទន្លេដោយសារគ្មានផ្លូវចេញចូល បើនៅរដូវប្រាំង ធ្វើដំណើរតាមរទេះកាត់តំបន់ព្រៃរនាម និង រដូវវស្សាតាមកាណូត ទូក ប្រឈមនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាងផងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចារឯកភាពសាងសង់ផ្លូវនេះឡើង កាលពី ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៤ និង បានដាក់ឲ្យដេញថ្លៃ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៥ មាន ៩ក្រុមហ៊ុន ក្នុងនោះអ្នកទទួលបាន គឺក្រុមហ៊ុន គឹម ពៅ មានតម្លៃ ២៥១លានរៀល ជាថវិកាមូលនីធិឃុំ សម្រាប់ស្ថាបនាផ្លូវ ប្រវែង ៧.៣០៣ម៉ែត្រ និង ដាក់លូ ២កន្លែង អមដោយផ្លូវទូកសងខាង ៕