ដើម្បីរក្សាបាននូវទំនៀមទំលាប់ប្រពៃណីរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ជារៀងរាល់ឆ្នាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរវប្បធ៌ម និង វិចិត្រសិល្បៈខេត្ត មន្ទីរធម្មការ និង សាសនាខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ តែងនាំគ្នាប្រារព្ធពិធីបុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំងមឿង និង លោកជំទាវ ខាន់ ខៀវ ដែលមានចម្ងាយប្រមាណ០៥គីឡូម៉ែត្រ ពីទីរួមខេត្ត ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ការប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងសុំសេចក្ដីសុខ សេចក្ដីចម្រើន និង បន់ស្រន់សុំទឹកភ្លៀងសម្រាប់ធ្វើស្រែវស្សា ។
កម្មវិធីបុណ្យបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង ២៩ ខែ ឧសភា ឆ្នាំ ២០១៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
នៅរសៀលថ្ងៃទី ២៨ មានរៀបចំសែនក្រុងពាលី ប្រារព្វបទនមសិកា សមាទានសីល ចម្រើនព្រះបរិត្ត ពិធីអភិសេករូបសំណាក លោកឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ, ពេលរាត្រីមានថ្វាយកាំជ្រួច ភ្ញីទៀន និង មានល្ខោនបាសាក់ទស្សនាកំសាន្តផងដែរ ។ ព្រឹកស្អែក ថ្ងៃទី ២៩ វេរភត្តាហារ បង្សកូលឧទ្ទិសបុណ្យ និមន្តព្រះសង្ឃទទួលចង្ហាន់បិណ្ឌបាត្រ ពិធីសែនឡើងរោង ពិធីវន្ទាអាវុធ ព្រះសង្ឃបង្សកូល បំពាក់កំរ៉ងផ្កា និង ស្រោចទឹកផ្នូរ លោកឧកញ៉ា ឃ្លាំង មឿង និង លោកជំទាវ ខាន់ ខៀវ ជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ ៕