នាព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោក ធឹម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និង អាជ្ញាធរ ក្រុង ស្រុកជាច្រើននាក់ បានចុះពិនិត្យលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តពោធិ៍សាត់ ។
បន្ទាប់ពីឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានជួបសំណេះសំណាល និង សាកសួរសុខទុក្ខ ជាមួយបងប្អូនអាជីវករក្នុងផ្សារថ្មីពោធិ៍សាត់ តាមបណ្តាតូបលក់ដូរនីមួយៗ ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពទូទៅនៅក្នុងផ្សានោះរួចមក ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានបន្តដំណើរចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋមួយកន្លែង ដែលជាអ្នកទទួលផលអណ្តូងទឹក ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺនៅភូមិអំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។