ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវ ដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំង៥ភូមិ ក្នុងឃុំកោះជុំ ត្រូវទៅពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ ឱ្យបានគ្រប់ៗគ្នា ព្រោះយើងដឹងហើយថា កសិករគឺពឹងផ្អែកទៅលើដីទាំងស្រុង សម្រាប់ធ្វើកសិកម្ម អាជីវកម្មគ្រប់បែបយ៉ាង ហើយដីមានសារៈសំខាន់ណាស់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ក្នុងការបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ដូចនេះគប្បីបងប្អូនត្រូវចេះគ្រប់គ្រង ចេះបែងចែក និងប្រើប្រាស់ដីឱ្យបានត្រឹមត្រូវចំគោលដៅ ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្នុងរយៈពេល ៣០ថ្ងៃ សម្រាប់ឱ្យប្រជាពលរដ្ឋដែលមានក្បាលដី នៅក្នុងភូមិផ្ទះព្រីង ភូមិដំរីស ភូមិដងឡង ភូមិដងរុង និងភូមិស្តុកជុំ ក្នុងឃុំកោះជុំ មកពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ មុននឹងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូន នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នៅបរិវេណវត្តកោះជុំ ស្ថិតក្នុងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាច្រើននាក់ផងដែរ ។