ឯកឧត្ដម ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន និងអនុប្រធានលេខាធិការដ្ឋាន និងរចនាសម្ព័ន្ធដឹកនាំលេខាធិកាដ្ឋានរដ្ឋបាលសាលាដំបូងខេត្តពោធិ៍សាត់ ព្រមទាំងប្រគល់ត្រាជាផ្លូវការជូន។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ច័ន្ទ សុត្ថា អគ្គនាយករងតំណាងអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការតុលាការ, លោក ថោង អុល ប្រធានសាលាដំបូងខេត្ត, លោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការសាលាដំបូងជាច្រើនរូបទៀត។
ការប្រកាសចូលកាន់តំណែង លោក ឃៀង សុមុនី ជាប្រធានលេខាធិការដ្ឋានរដ្ឋបាល និង លោក ហេង ដូនីន ជាអនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តពោធិ៍សាត់នាពេលនេះ ស្របតាមអនុក្រឹតលេខ ១៧៥ អនក្រ.តត ចុៈថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា និង ស្របតាមប្រកាសលេខ ០៩៥ កយ.ប្រក/១៥ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ របស់ក្រសួងយុត្តិធម៌ ក្នុងការកំណត់អំពីតួនាទី ភារកិច្ច ធានាគុណភាព ប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវា និងបង្កើនការជឿជាក់ទុកចិត្ត ពីប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៌៕