ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យបងប្អូនប្រជានេសាទ គប្បីប្រើប្រាស់ឧបករណ៍ណាដែលច្បាប់អនុញ្ញាត ត្រូវចូលរួមទប់ស្កាត់បទល្មើសនេសាទទ្រង់ទ្រាយធំ ត្រូវចេះស្រលាញ់រាប់អានគ្នាដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំងអស់គ្នា។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញចុះសំណេះសំណាល និងចែកអង្ករ ជូនដល់បងប្អូនប្រជានេសាទ ២៧០គ្រួសារ ក្នុងភូមិកំពង់ថ្គោល នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅលើសាលាបុណ្យបណ្តែតទឹក ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ ឯកឧត្តមបានដោះស្រាយរាល់សំណូមពរ ដែលបងប្អូនប្រជានេសាទបានលើកឡើង ដោយបន្ធូរបន្ថយឲ្យប្រើឧបករណ៍នេសាទ (លប) សម្រាប់នេសាទជាលក្ខណៈគ្រួសារ តែត្រូវគោរពតាមច្បាប់ជលផលផង, ចំពោះក្មេងទំនើងបង្ហោះទូកដាច់ខាតគឺមិនឲ្យមាន ក្នុងករណីបើមានត្រូវហៅមកធ្វើកិច្ចសន្យាបញ្ឈប់ ១ដងទៅ២ដង ហើយបើមិនរាងចាលទេនោះត្រូវអនុវត្តតាមផ្លូវច្បាប់។ ជាមួយគ្នានោះ ឯកឧត្តមបានសំណូមពរឲ្យបងប្អូនប្រជានេសាទ ទៅចូលរួមចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ឯកឧត្តមនឹងរៀបចំឲ្យមានការិយាល័យចុះឈ្មោះនៅទីនេះផ្ទាល់ ព្រមទាំងបានផ្តាំផ្ញើឲ្យដាំផ្កានៅមុខខ្នងផ្ទះបណ្តែតទឹកនីមួយៗ សម្រាប់លម្អទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកកម្សាន្ត។
ជាចុងបញ្ចប់ ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម អេង គន្ធា បានចែកអង្ករ ជូនដល់បងប្អូនប្រជានេសាទទាំង ២៧០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម។ នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានបន្តចុះទៅពិនិត្យមើលទីតាំងដែលប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ ជួយដោះស្រាយផលប៉ះពាល់ ទៅលើគម្រោងអភិវឌ្ឍន៍ផ្លូវថ្មីរបស់ Jica ស្ថិតនៅកែងខាងកើតផ្សារសាមគ្គីក្រគរផងដែរ៕