ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ទីរជំនាញ ដែលមានការពាក់ព័ន្ធ ចុះពិនិត្យបច្ចេកទេសការស្ថាបនាផ្លូវលំក្រាលគ្រួស ក្រហមមួយខ្សែ ប្រវែង៧៣០៣ម៉ែត្រ និងដាក់លូ២កន្លែង អមដោយផ្លូវទូក ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចារឯកភាពសាងសង់កាលពីដើមខែមិថុនា ឆ្នាំ២០១៤ បានដាក់ឲ្យដេញថ្លៃកាលពីដើមខែកក្កដា ឆ្នាំ២០១៥ និងបានចាប់ផ្តើមបើកការដ្ឋានស្ថាបនា កាលពីដើមខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ ដោយក្រុមហ៊ុន គឹម ពៅ ក្នុងតម្លៃ២៩៦លានរៀន ជាថវិកាមូលនិធិឃុំ។
ការស្ថាបនាផ្លូវនេះឡើង ដោយគិតពីផលពិបាករបស់ប្រជាពលរដ្ឋ ក្នុងឃុំរាំងទិលកន្លងមកនោះ គឺបញ្ហាធ្វើដំណើរ ដឹកជញ្ជូនកសិផល ពិសេសពេលបញ្ជូនអ្នកជំងឺ និងស្ត្រីឆ្លងទន្លេដោយសារគ្មានផ្លូវចេញចូល បើនៅរដូវប្រាំង ធ្វើដំណើរតាមរទេះកាត់តំបន់ព្រៃរនាម និងរដូវវស្សាតាមកាណូត និងទូក ប្រឈមនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តចុះពិនិត្យ ផ្លូវក្នុងក្រុងចំនួន ៨ខ្សែ ប្រវែងជិត៥គីឡូម៉ែត្រ ដែលកំពុងស្ថាបនាក្រាលកៅស៊ូអ៊ុតបេទីមីន័រ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ អនុវត្តន៍ការស្ថាបនាដោយ ក្រុមហ៊ុន Mekong Royal Construction សហការជាមួយក្រសួងសាធារណ: និងដឹកជញ្ជូន ដែលបានចាប់ផ្តើមស្ថាបនា ពីថ្ងៃទី១០ ខែមិថុនាកន្លងទៅផងដែរ៕