ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីអញ្ជើញជាអធិបតីក្នុងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រវិស័យរ៉ែ ថាមពល


ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ វិស័យ រ៉ែ ថាមពល និងប្រេងកាត ឆ្នាំ២០១៦-២០១៨ ត្រូវបានផ្សព្វផ្សាយតាមរយៈសិក្ខាសាលា នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នាសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរ៉ែ និងថាមពល លោក-លោកស្រីថ្នាក់ដឹកនាំ យេនឌ័រ មកពីអន្តរក្រសួង ស្ថាប័នរាជរដ្ឋាភិបាល សរុបប្រមាណ១៦០នាក់។
លោកជំទាវរដ្ឋមន្ត្រី វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រុមការងារយេនឌ័រក្រសួងរ៉ែ និងថាមពល ដែលបានខិតខំយកចិត្តទុកដាក់ រៀបចំនូវផែនការយុទ្ធសាស្រ្ត បញ្ជ្រាបយេនឌ័រ ក្នុងវិស័យរ៉ែ ថាមពល និងប្រេងកាតឆ្នាំ ២០១៦-២០១៨ ប្រកបដោយខ្លឹមសារ ច្បាស់លាស់ ដែលនឹងជួយដល់មន្ត្រីរាជការក្រសួង និងភាគីពាក់ព័ន្ធ ឈានដល់ការសម្រេចបាននូវសមភាពយេនឌ័រ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះក្រុមការងារយេនឌ័រក្រសួងរ៉ែ និងថាមពល ដែលមានលោកជំទាវ ប៉ែន ឆដា រដ្ឋលេខាធិការជាប្រធាន។
ទន្ទឹមនេះ ដើម្បីជួយសម្រួលឲ្យសម្រេចបាន នូវផែនការយុទ្ឋសាស្ត្របញ្ជ្រាបយេនឌ័រ ដែលបានដាក់ចេញសម្រាប់អនុវត្តឆ្នាំ ២០១៦-២០១៨នេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ ឲ្យថ្នាក់ដឹកនាំថ្នាក់អគ្គនាយក ប្រធាននាយកដ្ឋាន ប្រធានមន្ទីររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាល តែងតាំងក្នុងមុខតំណែងទៅតាមលទ្ឋភាព និងសមត្ថភាពរបស់មន្ត្រីរាជការជាស្ត្រី និងរាល់បេសកកម្មទាំងក្នុង និងក្រៅប្រទេសត្រូវដាក់មន្ត្រីរាជការជាស្ត្រី ទៅជាមួយយ៉ាងហោចណាស់ឲ្យបានម្នាក់ ដើម្បីផ្តល់ឱកាសដល់មន្ត្រីរាជការ ជាស្ត្រីបានស្រូបយកចំណេះដឹង បទពិសោធន៍ និងឱកាសអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះ គឺជាសមិទ្ធផលបន្ត សម្រាប់ចូលរួមអនុវត្តយុទ្ឋសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលស្តីពីការអនុវត្តគោល នយោបាយយេនឌ័រ ដែលក្រសួងរ៉ែ និងថាមពល ជាផ្នែកមួយយ៉ាងសំខាន់ នៃគោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដូចេ្នះដើម្បីអនុវត្តឲ្យបានល្អ និងចំទិសដៅ នូវផែនការខាងលើនេះ ក្រសួងសំណូមពរដល់គ្រប់អង្គភាព ស្ថិតក្រោមឱវាទក្រសួង ព្រមទាំងដៃគូរអភិវឌ្ឍន៏ទាំងអស់ ចូលរួមសហការអនុវត្តផែនការយុទ្ឋសាស្ត្រ បញ្ជ្រាបយេនឌ័រក្នុងវិស័យរ៉ែ ថាមពល និងប្រេងកាតឆ្នាំ ២០១៦-២០១៨ ឱ្យមានប្រសិទ្ឋភាពខ្ពស់។
ក្នុងអង្គសិក្ខាសាលានេះផងដែរ ក៏មានការចូលរួមក្នុងការធ្វើបទអន្តារគមន៍ពីស្ថាប័នផ្សេងៗ ពាក់ព័ន្ធការងារយេនឌ័រដូចជា ក្រុមការងារយេនឌ័រក្រសួងរ៉ែ និងថាមពល ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងកិច្ចការនារី៕

14222142_1246820188693431_983751727472699131_n-300x225 14191897_1246820068693443_1463122891419194945_n-300x225 14202726_1246820118693438_4785705410575224437_n-300x225 14222122_1246820088693441_5061955678677007404_n-300x225