ស្វែងយល់ពីប្រទេស ឡាវ ដែលកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន, ខណៈសម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅទីនោះ


ស្វែងយល់ពីប្រទេស ឡាវ ដែលកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន, ខណៈសម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅទីនោះ

(វៀងច័ន្ទ)៖ ក្នុងនាមជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ប្រទេស ឡាវក្នុងឆ្នាំ២០១៦នេះ បានធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល ដែលមកពីបណ្តាប្រទេសនានា ក្នុងនោះក៏មានវត្ថមានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជាផងដែរ។ ឆ្លៀតឱកាសនេះ យើងសូមបង្ហាញពីស្ថានភាពទូទៅរបស់ប្រទេស ឡាវដូចខាងក្រោមនេះ៖

* ព័ត៌មានលម្អិត៖
• ឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវ
• រដ្ឋធានី៖ វៀងច័ន្ទ
• ភាសាផ្លូវការ៖ ភាសាឡាវ
• សាសនា៖ ព្រះពុទ្ធ
• របប៖ បក្សតែមួយតាមបែបលទ្ធិម៉ាក់លេនីន
• ប្រធានាធិបតី៖ លោក Bounnhang Vorachith
• នាយករដ្ឋមន្ត្រី លោក Thongloun Sisoulith
• អនុប្រធានាធិបតី៖ លោក Phankham Viphavanh
• ផ្ទៃដី៖ ២៣៦.៨០០គីឡូម៉ែត្រការ៉េ(ជាប់ចំណាត់ថ្នាក់ទី៨៤លើពិភពលោក)
• ផ្ទៃទឹក៖ ២ភាគរយ
• ចំនួនប្រជាជន៖ ៦.៨០៣.៦៩៩នាក់(ជាប់ចំណាត់ថ្នាក់ទី១០៤លើពិភពលោក)
• ដង់ស៊ីតេ៖២៦,២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ(ជាប់ចំណាត់ថ្នាក់ទី១៧៧លើពិភពលោក)
• GDP សរុប៖ ១១,៦៧៦ពាន់លានដុល្លារ
• GDP សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ៖ ១.៦៩២ដុល្លារ
• លុយ៖ គីប (Kip)
• ទិសដៅបើកបរ៖ប្រកាន់ស្តាំ
• លេខកូដទូរសព្ទប្រចាំប្រទេស៖ +៨៥៦

*ទីតាំងភូមិសាស្ត្រ៖
ឡាវជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក គ្មានព្រំប្រទល់ជាប់សមុទ្រឡើយ ស្ថិតត្រង់ចំណុចទី១៤ និង២៣ដឺក្រេ នៃរយៈទទឹងខាងជើង និងចំណុចទី១០០ និង១០៨ដឺក្រេ នៃរយៈបណ្តោយខាងកើត។ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេស ថៃ និងប្រទេស វៀតណាម។ ប្រទេសអាស៊ីអាគ្នេយ៍ដីគោកមួយនេះស្ថិតក្នុងនៅតំបន់ត្រូពិច ហើយទទួលឥទ្ធិពលខ្យល់មូសុង ធ្វើឲ្យមានរដូវពីរច្បាស់លាស់គឺ រដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា និងរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសា។

ក្រៅពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មានទីក្រុងសំខាន់ៗផ្សេងទៀត ដូចជាហ្លួងព្រះបាង សួគ៌ខេត្ត និង ប៉ាកសេ ជាដើម។ ស្ថានដីរបស់ប្រទេស ឡាវ សម្បូរដោយភ្នំនិងខ្ពង់រាប។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលក្រុងវៀងច័ន្ទ បានដាក់ផ្ទៃដីចំនួន ២១% ឲ្យក្លាយជាតំបន់អភិរក្សជីវចម្រុះ ដើម្បីធ្វើជាសួនឧទ្យានជាតិ។ ប្រទេសឡាវ បានផ្តល់នូវជម្រកសម្រាប់សត្វព្រៃកម្រដូចជា ខ្លាឥណ្ឌូចិន ទន្សោង និង ដំរីអាស៊ីជាដើម។ ឡាវជាប្រទេសមួយដែលមានដាំដើមអាភៀនជាច្រើន ហើយត្រូវបានគេស្គាល់ថា ជាប្រទេសតំបន់ត្រីកោណមាសថែមទៀតផង។

*ប្រវត្តិកំណើតរដ្ឋ៖
លលាដ៍ក្បាលមនុស្សសម័យបុរាណត្រូវបានគេរកឃើញនៅល្អាងភ្នំ Tam Pa Ling ភ្នំអណ្ណាម ភាគខាងជើង ប្រទេសឡាវ ដែលមានអាយុយ៉ាងហោចណាស់៤.៦០០០ឆ្នាំមកហើយ ធ្វើឲ្យវាក្លាយជាហ្វូស៊ីល ចំណាស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ ភស្តុតាងខាងបុរាណវត្ថុបង្ហាញថា សង្គមមនុស្សចាប់ផ្តើមចេះធ្វើកសិកម្មតាំងពីសហវត្សទី៤ មុនគ.សមកម្ល៉េះ។ ពាងបញ្ចុះសពនិង ផ្នូរផ្សេងៗទៀត បានបង្ហាញថា សង្គមមនុស្សចេះប្រើប្រាស់ វត្ថុធ្វើពីសំរិទ្ធតាំងពីអំឡុងឆ្នាំ១.៥០០មុនគ.ស។

យោងតាមភស្តុតាងប្រវត្តិសាស្រ្ត បានបង្ហាញថា ក្រុមកុលសម្ព័ន្ធតៃ បានភៀសខ្លួនពីតំបន់ Guangxi ប្រទេស ចិន មកកាន់ទឹកដីនៃប្រទេសឡាវ និងប្រទេសថៃសព្វថ្ងៃរវាងសតវត្សទី៨ និងទី១០ ដែលមានន័យថា ជនជាតិដើមរបស់ឡាវ និងថៃ មានប្រភពតែមួយ។ ប្រទេសឡាវមានបម្រែបម្រួលរបបនយោបាយជាច្រើនលើកដូចជា៖
• រាជាណាចក្រ ឡាន សាង (ដែលមានន័យថា ដំរីរាប់លានក្បាល) ពីឆ្នាំ១៣៥៤ដល់ឆ្នាំ១៧០
• លួង ព្រះបាង វៀងច័ន្ទ និងចំប៉ាសាក់ពីឆ្នាំ១៧០៧ដល់ឆ្នាំ១៧៧៨
• ធ្វើជារដ្ឋចំណុះរបស់អាណាចក្រធនបុរី និងសៀមពីឆ្នាំ១៧៧៨ដល់ឆ្នាំ១៨៩៣
• ធ្វើសង្គ្រាមផ្តាច់ខ្លួនពីសៀម ពីឆ្នាំ១៨២៦ដល់ឆ្នាំ១៨២៨
• ក្រោមអណានិគមន៍បារាំង ពីឆ្នាំ១៨៩៣ដល់ឆ្នាំ១៩៤៩
• ទទួលឯករាជ្យពីប្រទេសបារាំងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៤៩
• ប្រកាសឯករាជ្យថ្ងៃទី២២ ខែតុលាឆ្នាំ១៩៥៣
• សង្រ្គាមស៊ីវិលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៥
• ការបញ្ចប់របបរាជានិយមឡាវ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៥រហូតដល់បច្ចុប្បន្ន

* របបនយោបាយ៖
ប្រទេសឡាវ មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាប្រទេសមួយក្នុងចំណោមប្រទេសទំាងប្រាំលើពិភពលោក ដែលកាន់របបកុម្មុយនីស ដោយបើកចំហរក្នុងនោះមានដូចជា ប្រទេសចិន កូរ៉េខាងជើង គុយបា វៀតណាម និងឡាវ ។ ប្រទេសឡាវ មានគណបក្សនយោបាយស្របច្បាប់តែមួយគត់ គឺគណបក្ស បដិវត្តន៍ប្រជាពលរដ្ឋឡាវ។

* វិស័យយោធា៖
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ឡាវ មានទំហំតូចតាច ប្រឈមមុខនឹងការខ្វះខាត និងមានធនធានមិនគ្រប់គ្រាន់ឡើយ។ គោលដៅនេះបេសកកម្មរបស់កងកម្លាំងឡាវ គឺគ្រាន់តែដាក់ពង្រាយនៅតាមបន្ទាត់ព្រំដែន រក្សាសន្តិសុខក្នុងផ្ទៃប្រទេស ទប់ទល់ចលនាបះបោរ និងក្រុមប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណោះ។ កងទ័ពជើងគោក១៣០ពាន់នាក់ ប្រដាប់ដោយរថក្រោះ២៥គ្រឿង កងទ័ពម៉ារីន មានចំនួន៦០០នាក់ មានប្រដាប់ដោយយន្តហោះល្បាតចំនួន១៦គ្រឿង។ ចំណែកកងទ័ពអាកាស មានចំនួន៣.៥០០នាក់ មានប្រដាប់ដោយគ្រាប់មីស៊ីលបាញ់ប្រហារយន្តហោះ និងយន្តហោះប្រដេញមួយចំនួន។

*ប្រព័ន្ធសុខាភិបាល៖
នៅក្នុងឆ្នាំ២០១២ អត្រាសង្ឃឹមរស់របស់បុរសគឺ៦០,៨៥ឆ្នាំ ខណៈដែលអត្រាសង្ឃឹមរស់របស់ស្ត្រីគឺ៦៤,៧៦ឆ្នាំ។ នៅក្នុងឆ្នាំ២០០៨ ប្រជាពលរដ្ឋ៤៣ភាគរយ មិនមានលទ្ធភាពទទួលបានទឹកស្អាត បរិភោគឡើយ ប៉ុន្តែនៅឆ្នាំ២០១០ អត្រានេះត្រូវបានកាត់បន្ថយមកត្រឹម៣៣ភាគរយប៉ុណ្ណោះ។

*ការអប់រំ៖

កម្រិតនៃការចេះអាន និងចេះសរសេររបស់ប្រជាជនពេញវ័យរបស់ប្រទេស ឡាវមានប្រមាណច្រើន ជាង ២ភាគបីគឺប្រហែល៧៣ភាគរយ ដោយអត្រាអ្នកចេះភាគច្រើនជាបុរស ច្រើនជាងស្ត្រី។ ក្នុងឆ្នាំ២០០៤ការចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សាមានចំនួន៨៤ភាគរយ។ នៅក្នុងប្រទេស ឡាវមានសកលវិទ្យាល័យរដ្ឋមួយ គឺសកលវិទ្យាល័យជាតិឡាវ(National University of Laos)។

*វប្បធម៌៖
ពុទ្ធសាសនាថេរវាទមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវប្បធម៌ប្រទេស ឡាវ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈភាសា សិល្បៈ អក្សរ និងការសម្តែងសិល្បៈជាដើម។ យ៉ាងនេះវប្បធម៌ជាច្រើនរបស់ឡាវត្រូវបានកើតឡើងតាំងពីមុនការមកដល់នៃសាសនាព្រះពុទ្ធទៅទៀត ឧទាហរណ៍ដូចជាឧបករណ៍ភ្លេងគែនជាដើម។ ស៊ីញសំដៅលើសម្លៀកបំពាក់ប្រពៃណីសម្រាប់ស្ត្រីឡាវស្លៀកពាក់ប្រចាំថ្ងៃ។ វាជាប្រភេទសំពត់សូត្រ ត្បាញដោយដៃ ដែលអាចកំណត់អត្តសញ្ញាណស្ត្រីម្នាក់ៗ ជាពិសេសអាចបង្ហាញថា តើស្ត្រីរូបនោះ មកពីតំបន់ណា។

ការរៀបការជាមួយប្តី ឬប្រពន្ធច្រើន ត្រូវបានគេចាត់ទុកជាបទឧក្រិដ្ឋមួយនៅក្នុងប្រទេស ឡាវ។ រដ្ឋធម្មនុញ្ញនិងច្បាប់គ្រួសារមិនទទួលស្គាល់ការរៀបការប្តីឬប្រពន្ធលើសពីម្តងបានឡើយ។ យ៉ាងនេះក្តីការមានប្រពន្ធឫប្តីច្រើន នៅតែជាទម្លាប់ធម្មតាមួយរបស់ប្រជាជនភាគតិចម៉ុងមួយចំនួននៅឡើយ។

ចំណែកដែលអង្ករដំណើប ជាអាហារដ៏មូលដ្ឋានមួយរបស់ប្រទេសឡើង ព្រមទាំងមានទំនាក់ទំនងយ៉ាង ស្អិតរមួតជាមួយសាសនា និងវប្បធម៌របស់ប្រជាពលរដ្ឋឡាវ។ អង្ករដំណើបជាទូទៅ គេចូលចិត្តបរិភោគអង្ករផ្កាម្លិះ។ ការដាំដុះស្រូវដំណើប ត្រូវបានគេសន្និដ្ឋានថាមានលក្ខណៈខុសៗគ្នានៅប្រទេសឡាវ។ ទំនៀមទំលាប់ជាច្រើនដែលបានផ្សារភ្ជាប់ជាមួយនឹងការដាំដុះស្រូវដែលមានលក្ខណៈខុសៗគ្នា ទៅតាម ក្រុមជនជាតិភាគតិចផ្សេងៗគ្នា។ ឧទាហរណ៍កសិករ Khammu នៅលួងព្រះបាង ចូលចិត្តដាំពូជស្រូវខាវកាំក្នុងទំហំដីតូចមួយនៅក្បែរខ្ទម ដើម្បីរំលឹកគុណដល់ឪពុកម្តាយដែលបានចែកឋានទៅ ឬដាំក្បែរវាលស្រែដើម្បីបញ្ជាក់ថាឪពុកម្តាយរបស់ពួកគេនៅមានជីវិតនៅឡើយ៕

14202604_1032732933506182_2827313456758630735_n 14225496_1032732930172849_3688475279310728831_n