ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់ៗគ្នា


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ព្រោះរយៈពេលនៃការចុះឈ្មោះ គឺមានតែ៩០ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយរាល់ក្តីកង្វល់ដោយផ្ទាល់ ជូនបងប្អូនអាជីវករផ្សារមេទឹក និងចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមបណ្តាទីតាំងមួយចំនួនទៀត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋដែលទៅទទួលសេវាសុខភាព ព្រមទាំងពិនិត្យទៅលើការងារបម្រើសេវាសាធារណៈមួយចំនួន នៅមណ្ឌលសុខភាពមេទឹក។ ឯកឧត្តមបានក្រើនរំលឹកដល់មន្ត្រី ដែលផ្តល់សេវាសុខាភិបាល ត្រូវប្រើពាក្យសម្តីឲ្យបានសមរម្យ កុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋ និងអនុវត្តន៍ទៅតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន។ ជាមួយគ្នានោះ ឯកឧត្តមបានជូនវត្ថុកំដរដៃ ដល់បុគ្គលិកសុខាភិបាល ១០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកា ២ម៉ឺនរៀល ប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាព ១០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ស្ត្រីដែលត្រៀមឆ្លងទន្លេ ១នាក់ ទទួលបាន សារុង៤ និងស្ត្រីដែលឆ្លងទន្លេរួច ២នាក់ ក្នុងម្នាក់ៗទទួលបាន សារុង៤ និងថវិកា ១០ម៉ឺនរៀល។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមបានបន្តចុះពិនិត្យការរៀបចំប្រព័ន្ធលូ និងផ្លូវលេខ១០៧ ទីតាំងខាងជើងផ្សារចាស់ ព្រមទាំងបន្តចុះពិនិត្យមើលការងារសាងសង់សំយ៉ាបដំបូលផ្សារថ្មីប៉ែកខាងលិច ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលលក់ដូរ មិនរំខានដោយសារភ្លៀង៕

14370393_1792652947691150_697090484828783344_n 14237483_1792652764357835_999720516285220583_n 14291902_1792653131024465_4335069543336437667_n 14322362_1792652984357813_2768914556272219836_n 14322405_1792653041024474_8349541106044535386_n 14330044_1792652924357819_1678176450078412638_n 14333196_1792653104357801_7893244086219718058_n 14333198_1792652767691168_6614176690730328555_n 14333766_1792653181024460_5042587570426098359_n 14344250_1792652927691152_5582840011117940387_n 14354990_1792653054357806_8603302444531684312_n 14369920_1792653107691134_2559538162334712969_n 14370299_1792652774357834_4992620380298102138_n