ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះធ្វើការសម្របសម្រួល និងដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាង ៥ឆ្នាំ រវាងភាគី(ក) សាន់ សុខ និងភាគី(ខ) ដាង ភឿន លើផ្ទៃដី ១០,២ហិកតា ក្នុងស្រុកភ្នំក្រវាញ។
ក្នុងដំណើរចុះមកដោះស្រាយនាពេលនេះ ត្រូវបានធ្វើឡើងនៅទីតាំងដីទំនាស់ផ្ទាល់ ដែលស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរស្រុក និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។
គួរបញ្ជាក់ថាបញ្ហាទំនាស់ដីធ្លីនេះ គឺកើតមានជាង៥ឆ្នាំមកហើយ សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត ក្រៅប្រព័ន្ធតុលាការ គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា របស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញដើម្បីបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ ដោយភាគី(ក) សាន់ សុខ ទទួលបានដី ៦,៨ហិកតា និងភាគី(ខ) ដាង ភឿន ទទួលបានដី ៣,៥ហិកតា៕