ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី បានជួបសំណេះសំណាល និងជូនវត្ថុកំដរដៃមួយចំនួន ដល់មន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ប្រមាណ២០០នាក់ គោលបំណងសម្តែងនូវការរាក់ទាក់រាប់អានជាក្រុមគ្រួសារតែមួយ ជាលើកទី២ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីខ្មែរយើងនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណមកម្ល៉េះ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្ត។
ដោយសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នា ដូចជាគ្រួសារតែមួយ និងដើម្បីយើងទាំងអស់គ្នាជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ជាលើកទី២នេះ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ បានរៀបចំនូវអំណោយ ជូនដល់មន្រ្តីរាជការប្រមាណ ២០០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករដំណើប ៥គីឡូក្រាម, សណ្តែកបាយ ២គីឡូក្រាម, មីសួរ ០,៥០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀលផងដែរ៕