លោក ឡាយ វុត្ថា បច្ចុប្បន្នអនុប្រធានសាខាពន្ធដារខេត្ត ត្រូវបានតែងតាំង ជាប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ជំនួសលោក ឯក ច័ន្ទសេរី ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ និងលោកស្រី អ៊ុយ សាវី បច្ចុប្បន្នប្រធានការិយាល័យចាត់ចែងលិខិតប្រកាស នៃសាខាពន្ធដារខេត្ត ត្រូវបានតែងតាំង ជាអនុប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ជំនួសលោក ឡាយ វុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី តាមប្រកាសលេខ ១០២៥ សហវ.ប្រក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីប្រកាសចូលកាន់មុខតំណែងថ្មី ប្រធាន និងអនុប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាង ឯកឧត្តមបណ្ឌិត គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត និងមន្ត្រីសាខាពន្ធដារជាច្រើនរូបផ្សេងទៀត៕