ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកគម្រោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការ(សមាសភាគ១) នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះប្រគល់ទទួល អគាររដ្ឋបាល អគារសាលប្រជុំ និងបន្ទប់ទឹកសាធារណៈ របស់សាលាស្រុកវាលវែង ដែលទើបនឹងសាងសង់ហើយថ្មីៗ ទៅឲ្យគណៈអភិបាលស្រុក ដើម្បីយកកន្លែងធ្វើឲ្យសមស្របចាប់ពីថ្ងៃនេះតទៅ។ ពិធីប្រគល់ទទួលអគារខាងលើនេះ ធ្វើឡើងនៅសាលប្រជុំថ្មីសាលាស្រុកវាលវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា ប្រធានក្រុមការងារចុះជួយស្រុកវាលវែង លោក ហេង សុភាណា អភិបាលស្រុកវាលវែង ប្រតិភូថ្នាក់ក្រសួង ខេត្ត និងមន្ត្រីរាជការជាច្រើននាក់។
គួរបញ្ជាក់ថា បន្ទាប់ពីរដ្ឋបាលសាលាស្រុក ប្រកាសបើកសំណើដេញថ្លៃ អគាររដ្ឋបាល អគារសាលប្រជុំ និងបន្ទប់ទឹកសាធារណៈរួចមក មានក្រុមហ៊ុនចំនួន ៥បានចូលរួមដេញថ្លៃ ក្នុងនោះក្រុមហ៊ុនទទួលបានជ័យលាភី គឺក្រុមហ៊ុនតាន់តាន់ អេនធ័រប្រាយចំកាត់ ហើយរដ្ឋបាលសាលាស្រុកបានចុះកិច្ចសន្យាអនុវត្តគម្រោង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ដែលមានរយៈពេលសាងសង់៩ខែ ក្នុងតម្លៃ ២៧៤.៨៩៦.៩៦ដុល្លារ លើសពីតម្លៃគម្រោង ១៤៣.៥២ដុល្លារ តែសាលាស្រុកវាលវែងសម្រេចបំពេញបន្ថែម។ ចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់ រហូតដល់សាងសង់រួចរាល់ជាស្ថាបពរ ក្រុមហ៊ុនបានស្នើសុំពន្យាពេលនៃកិច្ចសន្យាចំនួន២លើក ដោយលើកទី១ មានរយៈពេល៣ខែ (ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៦) និងលើកទី២ មានរយៈពេល២ខែ (ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០១៦) ដោយសារការសាងសង់ស្ថិតក្នុងរដូវវស្សា ពិបាកក្នុងការដឹកជញ្ជូនសម្ភារៈ ស្របពេលដែលក្រុមហ៊ុនចិន កំពុងស្ថាបនាផ្លូវជាតិលេខ ៥៥ថ្មីផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានបន្តជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនក្រុមគ្រួសារអ្នករត់ម៉ូតូឌុប និងតាក់ស៊ី នៅស្រុកវាលវែងផង។