លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងខួបលើកទី១០ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០១៦ ក្រោមប្រធានបទ “ពង្រឹងកិច្ចសហការ និងការគ្រប់គ្រងលំហូរ ទេសន្តរប្រវេសន៍ ដើម្បីប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ ការពារ បង្ក្រាប និងការផ្តន្ទាទោស” ដែលរៀបចំដោយអាជ្ញាធរខេត្តពោធិ៍សាត់ រួមជាមួយអង្គការដៃគូ ក្នុងនោះក៏មានការដើរដង្ហែជាក្បួនតាមដងផ្លូវមួយចំនួនក្នុងទីក្រុងពោធិ៍សាត់ ដែលជាសារមួយ ដើម្បីពញ្ញាក់ស្មារតីដល់មហាជនទូទៅ ឲ្យមានការចូលរួមទាំងអស់គ្នា ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
ទិវានោះត្រូវបានប្រារព្ធធ្វើឡើង នៅលើបូរីវប្បធម៌កោះសំពៅមាស ដោយបានការចូលរួមពីតំណាងអង្គការដៃគូ អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ១ពាន់នាក់ផងដែរ។