អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាង៧ឆ្នាំ ជូនពលរដ្ឋស្រុកបាកាន «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»


អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាង៧ឆ្នាំ ជូនពលរដ្ឋស្រុកបាកាន «គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសម្របសម្រួល និងដោះស្រាយ បញ្ចប់ទំនាស់កេរត្តិ៍ដីធ្លី ដែលកើតមានដ៏រ៉ាំរ៉ៃជាង៧ឆ្នាំ រវាងភាគី(ក)សុខ សាត ជាអតីតប្តី និងភាគី(ខ)សុង សៀកលី ជាអតីតប្រពន្ធ ទៅតាមសំណូមពរ ដោយ«គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។ ក្នុងកិច្ចដោះស្រាយទំនាស់កេរត្តិ៍ដីធ្លីខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំត្រពាំងជង ដែលស្ថិតក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ និងភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងកិច្ចដំណោះស្រាយទំនាស់ដីធ្លីខាងលើនេះ ឯកឧត្តម ម៉ៅ ធនិន បានប្រាប់ភាគីដែលពាក់ព័ន្ធទាំងអស់ថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់កេរត្តិ៍ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព ដោយ«គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា» ស្របតាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ហើយត្រូវសម្បទានគ្នាទៅវិញទៅមក។ បើបងប្អូននៅតែបន្ត គឺគ្មានអ្វីដែលនៅសេសសល់នោះទេ វាអស់ទៅថវិកា និងពេលវេលា តែបើបងប្អូនយល់ព្រមតាមការសម្របសម្រួល និងស្រុះស្រួលគ្នាហើយនោះ ឯកឧត្តមនឹងបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ ដើម្បីឲ្យកូនៗមានអនាគតល្អផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា «លុយ និងទ្រព្យសម្បត្តិ យើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែចំណងមិត្តភាព រវាងជីតានិងចៅៗ, រវាងម្តាយនិងកូន, រវាងឳពុកនិងកូន គឺមានជារៀងរហូត មិនអាចកាត់ដាច់បានទេ»។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចាប់តាំងពីឯកឧត្តមមកដឹកនាំយន្តការខេត្ត គឺឯកឧត្តមបានដោះស្រាយ បញ្ចប់បញ្ហាទំនាស់ដីធ្លីបានជាង១២០ករណីមកហើយ ដោយដោយ«គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា»។

សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុត របស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ដើម្បីបញ្ចប់ទំនាស់នេះ ចាប់ពីពេលនេះតទៅ។ ដោយភាគី(ក)សុខ សាត ជាអតីតប្តី និងភាគី(ខ)សុង សៀកលី ជាអតីតប្រពន្ធ បានយល់ព្រមប្រគល់ដីកេរត្តិ៍ពីឳពុកមាទំហុំ ១៦x៤០ម៉ែត្រ និងដីសំណាបទំហុំ ១៥x២០ម៉ែត្រ ឲ្យទៅកូនៗទាំង ៤នាក់ ក៏ប៉ុន្តែខាងភាគី(ក)សុខ សាត ជាអតីតប្តី «ស្នើសុំខ្ចីដីទំហុំ ៨x២០ម៉ែត្រ និងផ្ទះបច្ចុប្បន្ន សម្រាប់រស់នៅបណ្តោះអាសន្ន រងចាំរៀបចំផ្តល់ដីសម្បទានសង្គមកិច្ចជូន»។
បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់ឯកឧត្តមអភិបាលខេត្ត ដែលបានចំណាត់ការដោះស្រាយ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

WhatsApp Image 2017-01-13 at 4.45.58 PM WhatsApp Image 2017-01-13 at 4.45.59 PM WhatsApp Image 2017-01-13 at 4.46.04 PM WhatsApp Image 2017-01-13 at 4.46.05 PM WhatsApp Image 2017-01-13 at 4.46.06 PM WhatsApp Image 2017-01-13 at 4.46.07 PM WhatsApp Image 2017-01-13 at 4.46.09 PM WhatsApp Image 2017-01-13 at 4.46.10 PM WhatsApp Image 2017-01-13 at 4.46.11 PM WhatsApp Image 2017-01-13 at 4.46.19 PM WhatsApp Image 2017-01-13 at 4.46.20 PM WhatsApp Image 2017-01-13 at 4.46.21 PM WhatsApp Image 2017-01-13 at 4.46.23 PM WhatsApp Image 2017-01-13 at 4.46.25 PM WhatsApp Image 2017-01-13 at 4.46.26 PM WhatsApp Image 2017-01-13 at 4.46.27 PM WhatsApp Image 2017-01-13 at 4.46.29 PM WhatsApp Image 2017-01-13 at 4.46.30 PM WhatsApp Image 2017-01-13 at 4.46.33 PM