ពិធីសម្ពោធអគារទីចាត់ការថ្មីក្នុងវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ
នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៧ នេះ អគារទីចាត់ការថ្មីមួយខ្នងក្នុងវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ត្រូវបានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែមរដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពលដើម្បីបំរើក្នុងវិស័យអប់រំ។
បន្ទាប់ពីស្តាប់របាយករណ៍របស់នាយកគ្រប់គ្រងសាលារួចមកឯកឧត្តម ស៊ុយ សែម បានសំណេះសំណាល់ជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ លោកយាយលោកតាដែលបានចូលរួមសរុបចំនួន១២០០នាក់ ដោយភាពកក់ក្តៅ និងស្និតស្នាល់ ជាពិសេសនោះឯកឧត្តម បានយល់ព្រមតាមសំណូមពរមួយចំនួនបន្ថែមទៀត ដោយប្រគេនស៊ីម៉ង់ត៍ដល់វត្តពពិចចំនួន១០តោន និងវត្តបាក់ចិញ្ចៀនចំនួន១០តោនដូចគ្នា ហើយជាចុងក្រោយ ឯកឧត្តមបានអញ្ជើញចែកជូនប៊ិចសៀវភៅនិងថវិការដល់សិស្សានុសិស្សដែលបានចូលរួម និងជូនថវិការដល់លោកគ្រូអ្នកគ្រូ ប្រជាការពារ និងប្រជាពលរដ្ឋ ព្រមទាំងជូនក្រណាតសរនិងថវិការដល់លោកយាយលោកតាផងដែរ ។