ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ នាព្រឹកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ ពិធីនេះក៏មានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពី វិទ្យាល័យ អនុវិទ្យាល័យ និង បឋមពោធិ៍សាត់ជាច្រើននាក់ផងដែរ ។
ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឲ្យគោរពវិន័យ ខិតខំសិក្សារៀនសូត្រ ទទួលបាននិទ្ទេសល្អ ឃ្លាតឆ្ងាយពីគ្រឿងញៀន ពិសេសអនុវត្តន៍ឲ្យខានតែបាន គឺសិស្សល្អ មិត្តល្អ កូនល្អ និង ពលរដ្ឋល្អ ។ បន្ទាប់មកឯកឧត្តម ក៏បានជូនវត្ថុអនុស្សាវរីយ៍ ដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ វ័យចំណាក់ក្នុងការបង្រៀន ទាំងវិទ្យាល័យ និង អនុវិទ្យាល័យ ចំនួន ២០នាក់ នាពេលនោះផងដែរ ៕