អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ត្រូវបាន ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្ត យកទៅប្រគល់ជូន
ប្រជាពលរដ្ឋ រងគ្រោះភ្លើងឆេះផ្ទះ ចំនួន ២គ្រួសារ នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី ០៦ ខែ វិច្ចិកា ឆ្នាំ ២០១៥ ។
គ្រួសាររងគ្រោះ បណ្តាលមកពីទុស្សេខ្សែភ្លើង នាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៥ខែវិច្ចិកាឆ្នាំ២០១៥ឆេះផ្ទះអស់២ខ្នងនិងទ្រព្យសម្បត្តិមួយចំនួនធំនោះគឺ
ឈ្មោះ ថោង តូ អាយុ ៥៤ឆ្នាំ ភេទប្រុស ឆេះអស់ផ្ទះទំហំ ៦x១១ ប្រក់សង្ក័សី ជញ្ជាំងក្តា ថ្មក្រោមឈើលើ និង ឆ្លងឆេះផ្ទះមួយខ្នងទៀតរបស់ ឈ្មោះ ថោង ថែត អាយុ ៥៥ឆ្នាំ ភេទស្រី ក៏ទទួលរងការខូចខាតអស់ផ្ទះនិង សម្ភារៈអស់មួយចំនួនធំ តែសំណាងល្អ មនុស្សគ្មានគ្រោះថ្នាក់អ្វីឡើយ ។
ជាក់ស្តែងនៅថ្ងៃនេះ គ្រួសាររងគ្រោះភ្លើងឆេះផ្ទះ គ្មានសេសសល់អ្វីនោះទេ ទាំង២គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម តង់ខៀវ១ មី១កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ធំ និង ថវិកា២០ម៉ឺនរៀល ។