ប្រជាពលរដ្ឋប្រមាណ ៨០០នាក់ មកពី ២០ភូមិ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ បានមកជួបជុំគ្នានៅលើដីឡូ ទល់មុខវត្តស្នាមព្រះ ដើម្បីចូលរួមស្តាប់ប្រកាសផ្សព្វផ្សាយ កំណត់តំបន់វិនិច្ឆ័យ ការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងឃុំស្នាមព្រះ ក្រោមអធិបតីភាព លោក សៅ ដារឿន អភិបាលនៃគណៈអភិបាលស្រុកបាកាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកវិស្វករ ចេង ឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និង សុរិយោដីខេត្ត និង ជានាយកចាត់ការ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត និង ដោយមានការអញ្ជើញចូលរួមពីប្រធានការិយាល័យ ស្ថាប័ន អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ។
នេះគឺជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ និង កែទម្រង់ស៊ីជម្រៅលើវិស័យដីធ្លី សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកាន់កាប់ដីមានសុវត្ថិភាព រឹងមាំ ស្របច្បាប់ ពោល គឺមានដីសម្រាប់ធ្វើកសិកម្ម អាជីវកម្ម ក្នុងន័យលើកកម្ពស់ជីវភាពឈានទៅកាត់បន្ថយភាពក្រីក្រ ។