កឋិនទានសាមគ្គី ក្រោមការផ្តួចឡើង របស់ក្រុមប្រឹក្សា និង គណៈអភិបាលខេត្ត ដែលបានប្រារព្ធធ្វើ នាថ្ងៃទី២១-២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងព័ទ្ធសីមា វត្តហ្លួង ស្ថិតក្នុងភូមិវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីប្រមូលបច្ច័យ យកមកកសាងសមិទ្ធិផលក្នុងវត្ត និង ជួយដល់បណ្តាវត្តដែលខ្វះខាតនៅក្នុងខេត្ត ។
អង្គកឋិនទាននេះ បានប្រារព្ធធ្វើពិធីនមស្សកា ព្រះរតនត្រ័យ និមន្តព្រះសង្ឃ៧អង្គ ចម្រើនព្រះបរិត្ត និង សម្តែងធម៌ទេសនា នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ហ៊ុន ចាន់ធី, លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំបណ្តា មន្ទីរ អង្គភាព មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធទាំង៣ ។
ក្រោយពីបានដង្ហែអង្គកឋិនទានចេញពីសាលាខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់វត្តហ្លួង លុះវេលាម៉ោង១២ ថ្ងៃត្រង់ (ថ្ងៃទី២២ ខែវិច្ឆិកា) ម្ចាស់ដើមទានប្រធានដើមបុណ្យទាំងអស់ បានរួមគ្នាដង្ហែប្រទក្សិណព្រះវិហារ ចំនួន៣ជុំ ទៅតាមប្រពៃណី នៃពុទ្ធសាសនាយ៉ាងអធិកអធមក្រៃលែង ។
សូមបញ្ជាក់ថា បច្ច័យបានមកពីកឋិនទាន ដែលផ្តួចផ្តើមឡើងរបស់ក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្តបានបច្ច័យចំនួន ១១១លានរៀល ក្នុងនោះសម្រាប់វត្តហ្លួងប្រគេនបច្ច័យជាង ២០លានរៀល នៅសល់ពីនោះសម្រាប់យកទៅជួយវត្តខ្វះខាតផ្សេងៗទៀត ។ តែដោយសារមានអង្គកឋិនសមាគមន៍ បានដង្ហែចូលវត្តហ្លួងដែរនោះសរុបបច្ច័យបានជាង ៤៦លានរៀន និង ជាង ៩ពាន់ដុល្លារអាមេរិក ៕