គណៈប្រតិភូគណៈកម្មការ ទី៨ នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី ចំនួន ២០រូប បន្ទាប់ពីបានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី០១រួចមក នាថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥ លោកជំទាវបានបន្តដឹកនាំប្រតិភូ ចុះជួបសំណេះសំណាលជាមួយ មន្ត្រីបម្រើសេវាសុខភាព និង ពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ព្រមទាំងបន្តចុះសួរសុខទុក្ខពលរដ្ឋក្រីក្រប្រមាណ ៣០នាក់ នៅសាលាស្រុកវាលវែងផងដែរ ។
ក្នុងឱកាសនោះ លោកជំទាវ បានឧបត្ថម្ភ ដល់ស្ត្រីសម្រាល និង ត្រៀមសម្រាល ០៤ នាក់ ម្នាក់ៗទទួលបាន មី ០១កេសតូច ត្រីខ ១០កំប៉ុង សារុង ០១ និង ថវិកា ២ម៉ឺនរៀល ស្ត្រីក្រីក្រដែលកំពុងសម្រាកព្យាបាល ០២នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល ដល់មណ្ឌលសុខភាពប្រម៉ោយ ។ ដោយឡែក ឯកឧត្តម ម៉ៅ ធនិន ជួយកសាងផ្ទះបាយក្នុងមណ្ឌលសុខភាពប្រម៉ោយ សម្រាប់ប្រើប្រាស់រួម ។ ចំពោះប្រជាពលរដ្ឋក្រីក្រក្នុងស្រុកវាលវែង ៣០នាក់ ដែលចូលរួមក្នុងពិធីសំណេះសំណាល ម្នាក់ៗទទួលបាន មី ០១កេសតូច ត្រីខ ១០កំប៉ុង សារុង ០១ និង ថវិកា ២ម៉ឺនរៀល សមាជិកក្រុមប្រឹក្សាស្រុក ៥នាក់ ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ ។
នៅថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានអញ្ជើញប្រតិភូ បន្តចុះពិនិត្យមើលទីតាំងទំនប់ស្ទាក់ទឹកធារាស្ត្រទី ៣ នៅឃុំរកាត និង ទី ៥ នៅឃុំសំរោង ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលអាងទាំងពីរនេះអាចស្តុកទឹកបានជាង ៥០លានម៉ែត្រគូប សម្រាប់ស្រោចស្រពដំណាំកសិកម្ម និង ការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ៕
លោកជំទាវ មាន សំអាន គណៈកម្មការទី៨នៃព្រឹទ្ធសភាបានដឹកនាំប្រតិភុចុះទៅស្រុកវាលវែង ខេត្តពោធិ៍សាត់
