នៅព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ វារីអគ្គិសនីតាតៃ ដែលមានទីតំាងស្ថិតនៅក្នុង ឃុំ ប្ញស្សីជ្រុំ និង ឃុំតាតៃ ស្រុកថ្មបាំង ខេត្តកោះកុង ។
វារីអគ្គិសនីស្ទឹងតាតៃនេះមានកម្លាំងថាមពល ២៤៦មេហ្កាវ៉ាត់(MW) ដែលជាគម្រោង BOT រយៈពេល ៤២ ឆ្នាំ ។ ទំនប់វារីអគ្គិសនីនេះ បានចាប់ផ្តើមសាងសង់ កាលពីដើមឆ្នាំ២០១១ ដោយក្រុមហ៊ុនសារជីវកម្មចិនឈ្មោះថា China National Heavy Machinery corporation ដែលចំណាយថវិកា ៥៤០លានដុល្លារអាមេរិក។ គំរោងនេះត្រូវបានអនុវត្តន៍ដោយ ក្រុមក្រុមហ៊ុនចុះបញ្ជើនៅកម្ពុជា Cambodia Tatay Hydropower Limited។ ចំពោះថាមពលអគ្គីសនី ដែលផលិតបានគឺនឹងត្រូវលក់ទៅឲ្យអគ្គិសនីកម្ពុជាដើម្បីផ្គត់ផ្គង់តំរូវការប្រើប្រាស់ក្នុងខេត្ត និងចែកចាយទៅរាជធានីភ្នំពេញផងដែរ។
សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាការអភិវឌ្ឍន៍ វារីអគ្គិសនីស្ទឹងតាតៃ នេះ បានផ្ដល់ប្រយោជ៍យ៉ាងច្រើនជូនជាតិមាតុភូមិ តាមរយ:ការបង្កើតមុខរបរដល់ប្រជាជន បង្កើតប្រាក់ចំណូលជូនរដ្ឋ បង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ប្រកបដោយគុណភាព តំលៃសមរម្យ បង្កើនចំណូលសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រទៀតផង ។
សម្ដេច តេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ ចំនួន៣ ចំនុចសំខាន់ៗ ដើម្បីអភិវឌ្ឍន៍វិស័យអគ្គិសនី ដែលក្នុងនោះរួមមាន :
1- ត្រូវពង្រីកបណ្ដាញចែកចាយបន្ថែមទៀត ទាំងបណ្តាញជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្គត់ផ្គង់តំរូវការដល់អ្នកប្រើប្រាស់ ជាពិសេសតាមទីជនបទ ។
2- ត្រូវពង្រឹងបណ្ដាញជាតិ អោយល្អបប្ថែមទៀត ដើម្បីងាយស្រួល នឹងចែកចាយប្រភពអគ្គិសនី។
3- ត្រូវបញ្ចុះថ្លៃភ្លើងជាបន្តបន្ទាប់ ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋ និងជាការការកាត់បន្ថយភាពក្រីក្រផង។
សម្តេចតេជោ ហ៊ុន សែន បន្តខិតខំគៀងគរវិនិយោគិនបរទេសជាច្រើនថែមទៀតមកកម្ពុជា ដើម្បីប្រជាពលរដ្ឋមានការងារធ្វើ និងមានឱកាសជាច្រើនថែមទៀតដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស៕