ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៦ បានដឹកនាំមន្ត្រីក្រុមការងារ ចុះសំណេះសំណាល និង ធ្វើការសម្របសម្រួល ពាក់ព័ន្ធទៅនឹងដីធ្លី ដែលប្រជាពលរដ្ឋ ចំនួន ៦០៦គ្រួសារ មកពីតំបន់ផ្សេងៗ ចូលមកទន្ទ្រានយកដីរបស់រដ្ឋ នៅក្នុងភូមិថ្មី និង ភូមិដំបូក១០០ ក្នុងឃុំត្នោតជុំ ស្រុកក្រគរ ដែលពួកគាត់ទាមទារឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិជូន ។
ក្នុងខណៈជួបសំណេះសំណាល និង ធ្វើការសម្របសម្រួល ជាមួយប្រជាពលរដ្ឋ នៅចំណុចការដ្ឋានទី ១៤ របស់ក្រុមហ៊ុនភាពីម៉ិច ឯកឧត្តម អភិបាលរងខេត្ត ក៏បានបញ្ជាក់ថា ៖ យោងតាមបទបញ្ជា និង យោងតាម ស.ជ.ណ របស់រដ្ឋាភិបាល លេខ ១១៦៤ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៥ បានធ្វើការសម្រេច កាត់ដីពីក្រុមហ៊ុន ធ្វើការដោះស្រាយផលប៉ះពាល់ ទំនាស់រវាងប្រជាពលរដ្ឋ ចំនួន ៦០៦គ្រួសារ នៅទីតាំងភូមិថ្មី និង ភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមទៀតថា ជារួមតាមការពិនិត្យជាក់ស្តែង និង តាមការសម្តែងការស្មោះត្រង់របស់ប្រជាពលរដ្ឋ ឃើញថាប្រជាពលរដ្ឋរបស់យើង មួយចំនួនបានចូលទៅកាន់កាប់ដីរបស់ក្រុមហ៊ុនភាពីម៉ិច ដែលបានឈូសឆាយដាំដំណាំរួច ហើយមួយចំនួនទៀត គឺជាប្រជាពលរដ្ឋនៅមូលដ្ឋានចាស់ ។ ឯកឧត្តម អភិបាលរងខេត្ត ក៏បានលើកទៀតថា បញ្ហានេះបើបងប្អូនមានដីហើយ បែរទៅជាចាប់យកដីអនាធិបតេយ្យ ទាំងដីរដ្ឋ និង ទាំងដីក្រុមហ៊ុនកាន់តែច្រើនទៀត អ្វីៗមិនអាចដោះស្រាយបញ្ចប់បាននោះទេ ។
រាល់ករណីទាំងអស់នេះ សូមឲ្យបងប្អូនរងចាំ ឯកឧត្តមអភិបាលខេត្ត និង ឯកឧត្តមផ្ទាល់ រួមជាមួយមន្ត្រីក្រុមការងារ កំពុងដុតដៃដុតជើង ធ្វើការសិក្សាស្រាវជ្រាវ និង ប្រជុំដោះស្រាយសម្រេចបន្ថែម ជាមួយមន្ទីរពាក់ព័ន្ធ រកហេតុផលឲ្យបានសមស្រប ទៅតាមស្ថានភាពជាក់ស្តែង នៃគ្រួសារនីមួយៗ ឲ្យត្រឹមត្រូវ និង ច្បាស់លាស់ មុននឹងធ្វើការសម្រេចដោះស្រាយជូន ៕
ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តមពោធិ៍សាត់បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៦០៦ គ្រួសារ
