៣១ ឆ្នាំមុន គឺនៅថ្ងៃ១៤ ខែ មករា ឆ្នាំ ១៩៨៥ នោះហើយដែលរដ្ឋសភាបានបោះឆ្នោតជ្រើសរើសខ្ញុំព្រះករុណាខ្ញុំ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី)នៃរដ្ឋាភិបាលសាធារណះរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់ពីការបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយះពេល៦ឆ្នាំហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីប្រមាណជាង៣ខែ តាំងពីពេលដែល ឯកឧត្តម ចាន់ ស៊ី ចេញទៅព្យាបាលជម្ងឺនិងទទួលមរណះភាពនៅទីក្រុងមូស្គូ។
ការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ពិសេស សម្តេច ហេង សំរិន សម្តេច ជា ស៊ីម បងសាយ ភូថង បងជា សុទ្ឋ ។ល។ ទើបមានការរៀបចំបែបនេះ។ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបំផុតគឺការបោះឆ្នោតជាសម្ងាត់នៅក្នុងរដ្ឋសភាគឺខ្ញុំទទួលបាននូវសម្លេងឆ្នោតគាំទ្រ១០០%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃះ។ នាយករដ្ឋមន្ត្រី២រូបមុនខ្ញុំតែងមានសន្លឹកឆ្នោតប្រឆាំងមិនតិចជាង៥សម្លេង។ កម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយទើបធ្វើឱ្យខ្ញុំសំរេចបាននូវរបៀបវារះនយោបាយដែលប្រជាជនកម្ពុជាបាន និងកំពុងទទួលផលរហូតសព្វថ្ងៃនេះ។
អ្វីដែលខ្ញុំគួររំលឹកគឺគ្រោះទឹកជំនន់និងរាំងស្ងួតក្នុងឆ្នាំ១៩៨៤ ដែលធ្វើឱ្យខ្វះស្បៀងក្នុងឆ្នាំ១៩៨៥។ ខ្ញុំបាននិយាយទៅកាន់រដ្ឋសភាថា (មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដោយយើងមិនបានដឹងនិងមិន
បានដោះស្រាយនោះឡើយ)។ ទ្រឹស្តីនេះបានបន្សល់ទុករហូតបច្ចុប្បន្ន មិនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ តែជាសកម្មភាពជាក់ស្ដែងរបស់គណះបក្សប្រជាជនកម្ពុជាទាំងមូល។
ខ្ញុំក្លាយខ្លួនជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣២ឆ្នាំ និងស្ថិតក្នុងស្ថានភាពប្រទេសជាតិមានសន្តិភាពផង និងមានសង្គ្រាមផង។ កូនៗរបស់ខ្ញុំនៅតូចៗណាស់ ហើយអាយុខុសគ្នាតែ១ឆ្នាំៗ ព្រោះភរិយាខ្ញុំកូនញឹកមួយឆ្នាំកូន១។ មានតែ ម៉ាណែត មួយទេ ដែលអាយុច្រើនជាងប្អូនបន្ទាប់៤ឆ្នាំ តែក៏មិនទាន់ចេះមើលប្អូនដែរ។
គ្រួសារខ្ញុំមិនមានអ្នកបំរើឬមេដោះទេ។ ប្តី ប្រពន្ធរបស់យើងបានថែទាំកូនៗដោយខ្លួនឯង។ យប់ខ្លះកូននោម
ដាក់ និងរាល់ពេលព្រឹកតែងតែសំអាតគ្រែ កន្ទេល បោកភួយ ហាលខ្នើយ។ល។ ព្រោះកូនខ្ញុំ២នាក់តែងតែនោមយប់។ មួយបន្ទប់សំរាក៧នាក់ឪពុក ម្តាយ២នាក់ កូន៥នាក់ បើកូនមិននោមដាក់ទេ ក៏ធំខ្លិនទឹកនោមដែរ ហើយពិបាកជាងគេ គឺនៅពេលភរិយាខ្ញុំមិននៅផ្ទះខ្ញុំត្រូវឆុងទឹកដោះគោបំបៅកូន។ ពេលមួយខ្ញុំឆុងទឹកដោះគោឱ្យស្រីពៅរវល់ដាំទឹក ម៉ានិត មកស៊ីអស់ម៉្សៅទឹកដោះគោ ខំឱ្យអ្នកបើកបរទៅទិញម៉្សៅទឹកដោះគោពីផ្សារទំរាំមកមកដល់ស្រីពៅយំរហូតគេងលក់។ ពេលភ្លៀងម្តងៗដំបូលផ្ទះវាលិចខំយកក្រណាត់កៅស៊ូគ្របលើកូន។ រហូតដល់ឆ្នាំ១៩៩៤ទើបដំបូលផ្ទះខ្ញុំឈប់លិច។ នេះជាជីវភាពពិតប្រាកដរបស់នាយករដ្ឋមន្ត្រីដែលបានស្ថិតក្នុងតំណែងរយះពេល៣១ឆ្នាំនាថ្ងៃនេះ។
បងប្អូនខ្លះអាចយល់ខុសពីរបៀបរស់នៅរបស់ខ្ញុំ តែនេះក៏ជាមេរៀនមួយដែលខ្ញុំរក្សាបាននូវឥទ្ធិពលដឹកនាំរយះពេលវែង ជោគជ័យក្នុងការបណ្តុះបណ្តាលកូនតាមរយះភាពជិតស្និទ្ឋ។ ពេលចេញទៅបរទេសពិសេសពេលចរចារនៅបារាំង ភរិយាខ្ញុំគ្មានអ្នកហែរហមទៅជាមួយទេ។ ពេលខ្លះគាត់អត់បាយព្រោះនៅសណ្ឋាគារម្នាក់ឯងហើយមិនចេះភាសា។ សូមផ្ដាំកូន ក្មួយ បងប្អូនពេលមានឋានះខ្ពស់ ត្រូវដាក់ខ្លួនបំរើប្រជាជនកុំវាយឫកខុសរបៀប៕