បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ខ្ញុំបានវិលត្រឡប់មកដល់មាតុភូមិវិញ បន្ទាប់ពីបានពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរី។ ជាមួយនិងភាពរឹងមាំនៃសុខភាព។ ឯកសារច្រើនណាស់ដែលកំពុងរង់ចាំខ្ញុំពិនិត្យសំរេច និងចុះហត្ថលេខា ព្រោះនេះជាបំណុលដែលខ្ញុំត្រូវសងបន្ទាប់ពីអវត្តមានប៉ុន្មានថ្ងៃ។
ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមកង្វល់ចំពោះសុខភាពខ្ញុំតាមរយះការជូនពរដោយចូលរួមមតិ ចែករំលែកឬចុច Like លើ Facebook ពេលខ្ញុំបង្ហោះចេញពីសាំងកាពួ។ សំរាប់អស់លោកមួយចំនួនតូចដែលចង់ឱ្យខ្ញុំស្លាប់តាមរយះការផ្សាយព័ត៌មានប្រឌិតរហូតបង្កើតរូបភាពបង្ហោះតាមប្រព័ន្ឋ Facebook សូមប្អូនៗ ឬក្មួយៗមេត្តាកែរប្រែអត្តចរិតពាលនេះចេញទៅ ព្រោះវាគ្មានផលប្រយោជន៍សំរាប់អស់លោកនោះឡើយ។ តាមការស្រាវជ្រាវអស់លោក គឺជាសកម្មជននៃបក្សនយោបាយដែលមេដឹកនាំរបស់អស់លោកមួយចំនួនជាជនពាល និងជាជនបោកប្រាស់អាជីព។ ពួកគេបានហ្វឹកហ្វឺនតាមរបៀបក្មេងពាលដែលសង្គមស្អប់ខ្ពើម។ ពេលមានបញ្ហាគេតែងតែរត់ចោលស្រុកនិងទុកឱ្យថ្នាក់ក្រោមជាប់គុកជំនួស។