នៅរសៀលថ្ងៃទី ០២ កុម្ភៈ ឆ្នាំ ២០១៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកជំទាវ ស៊ុនថន សៃយ៉ាចាក់ ប្រធានគណៈចាត់តាំង បរទេស នៃគណៈមជ្ឍិមបក្សប្រជាជនបដិវត្តឡាវ ជួបសំដែងការគួសម និងពិភាក្សាការងារ។
លោកជំទាវ បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ថា លោកជំទាវមកប្រទេសកម្ពុជានាពេលនេះ គឺលោកជំទាវបានពិនិត្យឃើញភាពរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ជាពិសេសជីវភាពរបស់ប្រជាជនកាន់តែមានភាពរីកចម្រើន លោកជំទាវបានសង្កត់ធ្ងន់ថាការរីកចម្រើនទាំងនេះ ដោយសារការដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា ។
លោកជំទាវ បានគោរពជម្រាបជូន សម្ដេចតេជា ថា លោកជំទាវ មកបំពេញទស្សនកិច្ចនៅប្រទេកម្ពុជានាពេលនេះ គឺដើម្បីគោរពរាយការណ៍ជូន សម្តេចតេជោ ហ៊ុន សែន ពីលទ្ឋផលនៃមហាសន្និបាត បក្សប្រជាជនបដិវដ្តន៍ឡាវ លើកទី១០ ដែលក្នុងនោះ លើការយកចិត្តទុកដាក់ពីចក្ខុវិស័យ នៃការអភិវឌ្ឍន៍ពីឆ្នាំ ២០១៦ ដល់ ២០៣០ និងផែនការអភិវឌ្ឍពីឆ្នាំ ២០១៦ ដល់ ២០២០ ដែលយកចិត្តទុកដាក់លើការកាត់បន្ថយនូវភាពក្រីក្រ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកជំទាវ ស៊ុនថន សៃយ៉ាចាក់ ដែលបានផ្ដល់នូវរបាយការណ៍នេះ និងបានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតប្រជាជនបដិវត្តន៍នេះ ហើយតាមរយៈជំនួបនេះបានធ្វើអោយទំនាក់ទំនងនៃប្រទេសទាំង២ កាន់តែមានភាពប្រសើរឡើងបន្ថែមទៀត ៕