សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ ឯកឧត្តម William-A-Heidt ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចួលជួបសម្តែងការគួរសម។
ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលជួបសវនការជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ព្រមជាមួយប្រសាសន៍ស្វាគមន៍យ៉ាងស្និទស្នាល ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតនាពេលនេះ សម្តេចភក្តី បានបញ្ជាក់ពីជំនឿមុតមាំ ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជា ដែលពិតជានឹងរួមចំណែកកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងពង្រឹងពង្រីក នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំង២។
សម្តេចប្រធាន បានថ្លែងអបអរសាទរចំពោះ ដំណើរទស្សនកិច្ចផ្លូវការរបសឯកឧត្តម រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ដែលទទួលលទ្ធផលផ្លែផ្កាល្អ សម្រាប់ការរឹតចំណង មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនយើងទាំង២។ សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកន្លងមក បានផ្តល់ដល់កម្ពុជា នូវជំនួយបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍន៍ សម្រាប់ការគ្រប់គ្រង គ្រោះមហន្តរាយ និងខាងផ្នែកយោធាផងដែរ។
សម្តេចប្រធាន ក៏បានជម្រាបជូនពីសភាពការណ៍ រីកចម្រើនលើគ្រប់វិស័យ ពិសេសសភាពការណ៍នយោបាយ នៅកម្ពុជា ដែលមានលក្ខណៈល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងលទ្ធិប្រជាធិបតេយ្យ សិទ្ធសេរីភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គម កាន់តែត្រូវបានលើកកម្ពស់ ដោយដើរទន្ទឹមនឹងការពង្រឹងនិតិរដ្ឋ។
មានប្រសាសន៍ឆ្លើយតបវិញ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ជ្រាលជ្រៅបំផុតចំពោះការជួយការសម្របសម្រួល និងការសហការល្អរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល ចំពោះបេសកកម្មការទូតរបស់ ឯកឧត្តមនៅកម្ពុជាកន្លងមក។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការចាប់អារម្មណ៍ របស់ឯកឧត្តមចំពោះការអភិវឌ្ឍន៍រីកចម្រើនឆាប់រហ័ស របស់កម្ពុជា ដែលមានសន្ទុះគួរអោយកត់សម្គាល់។ តាមរយៈការចុះបំពេញការងារនៅតាមបណ្តាខេត្តនានាកន្លងមក ឯកឧត្តមបានឃើញ និងវាយតម្លៃខ្ពស់ពីការខិតខំ និងពីលទ្ធផលនៃកំណែទម្រង់ លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ជាពិសេស គឺលទ្ធផលនៃកិច្ចព្រមព្រៀង ដំណោះស្រាយនយោបាយ និងវប្បធម៌សន្ទនា ដែលធ្វើអោយមានសុខសន្តិភាព ស្ថិរភាព យ៉ាងឆាប់រហ័ស។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា អំពីព័ត៌មានសំខាន់ខ្លះៗ ដែលពាក់ព័ន្ធដល់ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលត្រូវអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាន អាមេរិក នៅសហរដ្ឋអាមេរិក នាពេលខាងមុខនេះផងដែរ។
មុននឹងបញ្ចប់សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត សូមបន្តជួយជម្រុញថែមទៀត រាល់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ និងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយសូមជួយជំរុញអ្នកទេសចរអាមរិកអោយបានច្រើនថែមទៀត ព្រមជាមួយនេះដែរ សម្តេចក៏បានស្នើសុំជួយជំរុញការផ្តល់ជំនួយផ្នែកសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន និងផ្នែកយោធាផងដែរ។