អាជ្ញាធរជាតិអប្សរាដឹកនាំបង្កើតសហគមន៍រទេះគោ នៅភូមិស្រះស្រង់ និងភូមិរហាល


អាជ្ញាធរជាតិអប្សរាដឹកនាំបង្កើតសហគមន៍រទេះគោ នៅភូមិស្រះស្រង់ និងភូមិរហាល ដើម្បីបង្កើនចំណូលដល់ប្រជាពលរដ្ឋ

រទេះគោគឺជាយានជំនិះ និងជាឧបករណ៍ដឹកជញ្ជូនផលកសិកម្ម ដ៏យូរលង់របស់បុព្វបុរសខ្មែរ។ បច្ចុប្បន្ន មធ្យោបាយដឹកជញ្ជូននេះបានបាត់បង់ជាបណ្តើរៗ ដោយជំនួសមកវិញនូវគ្រឿងចក្រមានឡាន និងគោយន្តជាដើម។ នៅតំបន់អង្គរ មធ្យោបាយដឹកជញ្ជូននេះនៅមានប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃនៅឡើយ តែក៏មិនមានគ្រប់ផ្ទះ ឬច្រើនលើសលុបដូចសម័យបុរាណនោះដែរ។

ដើម្បីរួមចំណែកថែរក្សាការប្រើប្រាស់ឧបករណ៍ខ្មែរបុរាណ និងរក្សាទំនៀមទម្លាប់ប្រពៃណីឲ្យបានគង់វង្ស ព្រមទាំងទាញផលប្រយោជន៍ពីឧបករណ៍ទាំងនេះ សម្រាប់ការចិញ្ចឹមជីវិតប្រចាំថ្ងៃ ទើបអាជ្ញាធរជាតិអប្សរា តាមរយៈគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA សហការជាមួយប្រទេសញូវហ្សេឡែន បានដឹកនាំបង្កើតសហគមន៍ជិះរទេះគោឡើង។

សហគមន៍នេះ បានប្រើប្រាស់រទេះគោដែលអ្នកស្រុកប្រើប្រាស់ប្រចាំថ្ងៃ មកដឹកជញ្ជូនភ្ញៀវទេសចរ ហើយបានកម្រៃផ្តល់មកម្ចាស់រទេះគោ និងសហគមន៍របស់ពួកគាត់។ សហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ២០១០ ក្នុងភូមិរហាល និងស្រះស្រង់ខាងជើង។

លោក ទស្ស សុមនាថ ប្រធាននាយកដ្ឋានស្តីទីនៃនាយកដ្ឋានរៀបចំដែនដីនិងលំនៅឋាន ក្នុងឧទ្យានអង្គរ បានមានប្រសាសន៍ថាៈ ការបង្កើតគម្រោងនេះឡើង គឺដើម្បីជួយទាញចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍ឲ្យបានដល់ដៃប្រជាពលរដ្ឋ។ យើងជួយគាត់រៀបចំជាក្រុមឡើង ហើយឲ្យក្រុមគាត់ដំណើរការទៅដោយខ្លួនឯង។ យើងជួយគាត់ផ្នែកបច្ចេកទេសដូចជារៀបចំបញ្ជីស្នាម រៀបចំអង្គប្រជុំ និងជួយផ្សព្វផ្សាយទៅកាន់ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនឯកជនជាដើម។

អនុប្រធានសហគមន៍លោក ឈុំ សឿត បញ្ជាក់ថា ក្នុងសហគមន៍របស់យើងមាន ២០រទេះគោ។ ក្នុងការដឹកជញ្ជូនភ្ញៀវម្តងៗយើងយកកម្រៃ៧ដុល្លារ ដោយចំណូលនោះត្រូវបានបែងចែកជា៣ចំណែក គឺម្ចាស់រទេះគោបាន៥ដុល្លារ គណៈកម្មការគ្រប់គ្រង១ដុល្លារ និងសម្រាប់ជួយសហគមន៍១ដុល្លារ។

លោក សឿត បន្ថែមថា កន្លងមកនេះថវិកាហិបសហគមន៍របស់យើងបានចូលរួមការងារសង្គមមួយចំនួនដូចជា ចូលរួមកសាងផ្លូវក្នុងភូមិ ចូលរួមកសាងឈាបនដ្ឋាន ចូលរួមឧបត្ថម្ភក្រុមសន្តិសុខភូមិឃុំមានសុវត្ថិភាព។ល។

លោក សម កុសល បុគ្គលិកបច្ចេកទេសនៃគម្រោងACHA ទទួលបន្ទុកសម្របសម្រួលគម្រោងទេសចរណ៍ជិះរទេះគោបញ្ជាក់ថា គម្រោងរបស់យើងបានព្យាយាមជួយដល់អ្នកស្រុកឱ្យមានលទ្ធភាពទាញយកប្រាក់ចំណូលដោយផ្ទាល់ពីភ្ញៀវទេសចរ តាមរយៈការលក់ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍នេះឯង។ ដូច្នេះ បច្ចុប្បន្នភ្ញៀវទេសចរបរទេសបានមកលេងដល់ផ្ទះអ្នកស្រុកតែម្តង។

លោក កុសល រៀបរាប់ថា សព្វថ្ងៃនេះ យើងព្យាយាមជួយផ្សព្វផ្សាយបន្ថែមទៀត តាមរយៈការបោះពុម្ពផ្សាយខិត្តបណ្ណ ទំនាក់ទំនងទៅក្រុហ៊ុនឯកជន។ យើងក៏មានគម្រោងលើកបដាធំមួយនៅត្រង់ផ្លូវចូលសហគមន៍ ដើម្បីឲ្យភ្ញៀវទេសចរដែលមកដល់កន្លែងនេះ ហើយស្គាល់សហគមន៍កាន់តែច្បាស់៕

12733362_516164985257101_6726740310896546251_n 12705213_516165045257095_1287202778339820759_n 12705278_516164995257100_3680313468497773596_n 12705659_516165011923765_814071191584369297_n 12715306_516165058590427_576500841962596812_n 12715383_516165038590429_3024712434327102798_n