ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមឲ្យប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយអាត់ ក៏ដូចជាទូទាំងខេត្តពោធិ៍សាត់ ទទួលរូបលោកជាសមាជិកថ្មីម្នាក់ទៀត គ្រប់ក្រុមគ្រួសារទាំងអស់ ទោះជាកូន ជាឪពុក ជាបង ឬជាប្អូនក្ដី ដើម្បីបានរស់នៅជាក្រុមគ្រួសារតែមួយ ដឹងសុខទុក្ខគ្នារាល់ថ្ងៃ ហើយបើមានបញ្ហាអ្វីកើតឡើងយើងត្រូវការពារ និង ជួយគ្នាទៅវិញទៅមក មិនឲ្យសត្រូវណាមកបំបែកបំបាក់បានឡើយ ។
ការលើកឡើងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ សង្កាត់ស្វាយអាត់ ប្រមាណ៣០០០នាក់ នាព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅបរិវេណវត្តពោធិ៍សុទស្សន៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋដែលចូលរួមប្រមាណ ៣០០០នាក់ ក្នុងម្នាក់ៗទទួលបាន សារុង ១, យាយជីតាជី ចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស ១ដុំ និង ថវិកា ១ម៉ឺនរៀល, ព្រះសង្ឃ ចំនួន ៧អង្គ ក្នុងមួយអង្គ សាដក់១កញ្ចប់ និង បច្ច័យ ១០ម៉ឺនរៀល, ប្រគេនបច្ច័យ ៧លានរៀល ដល់ចៅអធិការវត្តពោធិ៍សុទស្សន៍ ដែលបច្ច័យទាំងនេះ បានមកពីអង្គកឋិនទានសាមគ្គី ដង្ហែរទៅកាន់វត្តហ្លួង សង្កាត់លលកស របស់ក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្តពោធិ៍សាត់, ចាក់ដីជូនសាលារៀន ចំនួន ១៧០ឡាន និង សន្យាកាត់ឯកសណ្ឋានជូនប្រជាការងារសង្កាត់ ចំនួន ៩០នាក់ ផងដែរ។