ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ៖ រមណីយដ្ឋានអូរដា គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ ស្ថិតនៅជួរភ្នំអារ៉ៃ ឃុំរកាត ស្រុកភ្នំក្រវាញ ក្នុងចំណោមរមណីយដ្ឋានជាច្រើនក្នុងខេត្តពោធិ៍សាត់ ដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ធម្មជាតិ ត្រូវបានសិក្សាស្រាវជ្រាវរកឃើញ និង កសាងឡើងចាប់តាំងពីឆ្នាំ ១៩៩៩ ព្រមទាំងបាត់ប្រជាប្រិយភាពវិញ ចាប់ពីឆ្នាំ ២០០២មកម្ល៉េះ ដោយផ្លូវលំបាកធ្វើដំណើរ ចាំបាច់ត្រូវរៀបចំដំណើរការឡើងវិញ ដើម្បីសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលមកលេងកម្សាន្ត ។
ការលើកឡើងបែបនេះ ក្នុងខណៈពេលដែលឯកឧត្តម បានដឹកនាំមន្ត្រីជំនាញ ចុះធ្វើការពិនិត្យ និង សិក្សាធ្វើផ្លូវទៅកាន់រមណីយដ្ឋានអូរដា មានចម្ងាយផ្លូវពីទីរួមខេត្ត ៥៥គីឡូម៉ែត្រ និង មានចម្ងាយផ្លូវពីទីរួមស្រុក ២៦គីឡូម៉ែត្រ ដែលទុកចោលជាង ១០ឆ្នាំមកហើយ នាថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦ ។
គួរបញ្ជាក់ថា រមណីយដ្ឋានអូរដា គេហៅថាដាអារ៉ៃ ឬដាព្រះនាងឳរ៉ៃ គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយ បានសិក្សាស្រាវជ្រាវរកឃើញ និង កសាងឡើង នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ១៩៩៩ ដោយមន្ទីរទេសចរណ៍ខេត្ត និង អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃស្រុកភ្នំក្រវាញ ។ ហើយរមណីយដ្ឋាននេះ មានប្រជាប្រិយភាពជាងគេបំផុត នាឆ្នាំ ១៩៩៩ និង បាត់ប្រជាប្រិយភាពទៅវិញ ចាប់ពីឆ្នាំ ២០០២មកម៉្លេះ ។