នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០១ មិនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតអោយលោក Norio Yamaguchi ប្រធានអង្គការ ផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាព ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
លោក Norio Yamaguchi បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា អង្គការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពនេះគឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលមិនរកប្រាក់ចំនេញ និងមានអាយុកាលជាង៣០ឆ្នាំមកហើយ ដែលសុទ្ឋសឹងជាក្រុមពាណិជ្ជករ មកពីបណ្ដាក្រុមហ៊ុនប្រមាណជាង១០០០ក្រុមហ៊ុន ទិសដៅនៃអង្គការនេះ គឺដើម្បីជំរុញការយល់ដឹងផង និងជំរុញ ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង បណ្តាប្រទេសទាំងឡាយនៅលើពិភពលោកផងដែរ។
លោក Norio បានគោរពជម្រាបជូនសម្តេចតេជោ ដែរថា ដំណើរទស្សនកិច្ចរបស់ប្រតិភូមកកម្ពុជា នៅពេលនេះ ដើម្បីស្វែងយល់អំពី កម្ពុជា ជាពិសេសអំពីនយោបាយទូទៅរបស់កម្ពុជាផង និងការគ្រប់គ្រងរបស់សម្តេចតេជោ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ រួមទាំងទស្សវិស័យ និងទំនាក់ទំនងទ្វេភាគីដែលជាការរំពឹងទុក របស់កម្ពុជា ចំពោះប្រទេសជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតួនាទីជប៉ុន ដែលបានជួយកម្ពុជាយើង ដំណាក់កាលស្វែងរកសន្តិភាព ក៏ដូចជាដំណាក់កាលកសាងប្រទេស ឈានដល់មានការអភិវឌ្ឍន៍រហូតដល់ពេលនេះ។ សម្តេចតេជោ បានជម្រាបជូនដល់ប្រតិភូទាំងមូល អំពីដំណាក់កាលស្វែងរកសន្តិភាពរបស់កម្ពុជា និងដំណាក់កាលកសាងកម្ពុជាឡើងវិញ ហើយក៏បានជម្រាបជូនប្រតិភូអំពីវិធីសាស្ត្រដោះស្រាយបញ្ហា ដែលកម្ពុជាបានជួបកន្លងមក គឺធ្វើយ៉ាងណាថែរក្សាឲ្យខានតែបាននូវស្ថេរភាពនយោបាយផង និងស្ថេរភាពមាក្រូសេដ្ឋកិច្ចផង។
លើសពីនោះទៅទៀតសម្តេចតេជោ ក៏បានជម្រាបជូន ប្រតិភូទាំងមូល អំពីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលពីដើមឡើយ គឺមានទឹក ផ្លូវ ភ្លើង និងមនុស្ស ប៉ុន្តែឥឡូវនេះ បានកែប្រែមុំ គឺមនុស្ស ទឹក ផ្លូវ ភ្លើងវិញ។ ជាមួយគ្នាដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពីកំណែទម្រង់ជាអាទិភាព របស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងតែធ្វើ គឺមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់និងតុលាការ កងកម្លាំងប្រដាប់អាវុធ ហើយក៏បានជម្រាបជូនអំពីនយោបាយថ្មីពីរ របស់រាជរដ្ឋាភិបាល នោះគឺជានយោបាយផលិតកម្មស្រូវ និងនាំចេញអង្ករ និងនយោបាយមួយទៀត គឺនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងមានទិសដៅទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់ធនធាន ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ក្នុងន័យនេះសម្តេចក៏បានស្នើសុំឲ្យជប៉ុន ក៏ដូចជាប្រតិភូទាំងមូល ធ្វើយ៉ាងណាជួយជម្រុញ ឲ្យអ្នកវិនិយោគជប៉ុន ដើម្បីវិនិយោគលើវិស័យនេះ គឺមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជានេាះទេ គឺសម្រាប់ទីផ្សារពិភពលោកទាំងមូលតែម្តង រួមទាំងទីផ្សារជប៉ុនផងដែរ៕