ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីមកកាន់តំណែងបានជិត ២ឆ្នាំ ឯកឧត្តមបានសម្រេចសាងសង់រង្វង់មូលមួយកន្លែង នៅផ្លូវបំបែកជាប្រាំ ត្រង់ចំណុចច្រមុះជ្រូកផ្សារចាស់ជិតរួចរាល់ហើយ ដោយដាក់រូបអ្នកគ្រូកាន់ដៃសិស្សប្រុសស្រី ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ជាក់ស្តែងក្នុងខណៈចុះពិនិត្យមើល ការស្ថាបនាគូសគំនូសចែកទ្រូងផ្លូវ ចាប់ពីក្បាលស្ពានថ្ម ដល់ចុងកោះ ផ្លូវលេខ១០១ របស់មន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃ ០៩ ខែ មីនា ឆ្នាំ ២០១៦នេះ ឯកឧត្តម ម៉ៅ ធនិន បានឲ្យ លោកប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូន ធ្វើការសិក្សាគម្រោងរង្វង់មូលថ្មីមួយទៀត នៅចំណុចផ្លូវបំបែកជាបួន គល់ស្ពានថ្មថ្មី ផ្លូវលេខ១០១ ដើម្បីកែសម្រួលចរាចរណ៍ ក៏ដូចជាអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។
ឯកឧត្តម បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរ ចេះគោរពច្បាប់ចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និង ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសជួយការពារអាយុជីវិត របស់បងប្អូនយើងទាំងអស់គ្នា ។
ជាងនេះទៅទៀត បងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានគាំទ្រ និង សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការដឹកនាំគ្រប់គ្រង ប្រកបដោយភាពឈ្លាសវៃ និង ម៉ឺងមាត់ របស់ឯកឧត្តម ម៉ៅ ធនិន ហើយក៏សង្ឃឹមថា ខេត្តពោធិ៍សាត់ នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនចាញ់ខេត្តដទៃនោះទេ ៕