ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងជា តំណាង ឯកឧត្តម ម៉ៅ ធនិន ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រុមការងារ នាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសពស្ត្រីរងគ្រោះឈ្មោះ នៅ ស្រីនាង ភេទស្រី អាយុ២៥ឆ្នាំ មានផ្ទៃពោះជិតគ្រប់ខែ ដែលស្លាប់ដោយសារជំងឺឈាមស ស៊ីឈាមក្រហម ដែលមានអាក្ការៈថប់ៗដង្ហើម ហើយណែនដើមទ្រូង ក្អក និង ក្អួត ដល់លំនៅដ្ឋាន ក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៦ និង ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ ភូមិ ឃុំ ស្រុក និង ប្រជាពលរដ្ឋជាច្រើន ។
អំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្ត ផ្តល់ដល់គ្រួសារសពរួមមាន អង្ករ ៥០គីឡូក្រាម, ទឹកក្រូច ២កេស, ទឹកបរិសុទ្ធ ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ ថវិកា ៥០ម៉ឺនរៀល និង អនុសាខាកាកបាទក្រហមស្រុកភ្នំក្រវាញ ថវិកា ១០ម៉ឺនរៀល ។ ក្រៅពីនោះ មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ថវិកា ២០ម៉ឺនរៀល ។
គួរបញ្ជាក់ផងដែរថា គ្រួសារសពស្ត្រីរងគ្រោះ បានទំនាក់ទំនងមក ឯកឧត្តម ម៉ៅ ធនិន ខណៈពេលដែលប្រពន្ធរបស់គាត់មានអាក្ការៈមិនសូវស្រួល ដើម្បីជួយអន្តរាគមន៍ និង សម្រួល តែក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់បានពិនិត្យ និង ព្យាបាលអស់ពីលទ្ធភាព ឃើញថាកូនក្នុងពោះស្ត្រីរងគ្រោះស្លាប់បាត់ទៅហើយ ក៏សម្រេចបញ្ជូនស្ត្រីរងគ្រោះទៅភ្នំពេញ ជាអកុសលមិនទាន់ដល់ភ្នំពេញផង ក៏ស្លាប់បាត់បង់ជីវិតនៅកំពង់ឆ្នាំង តាមកូននៅក្នុងផ្ទៃជិតគ្រប់ខែ វេលាម៉ោង ២និង៣៨នាទីទៀបភ្លឺ ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៦ គួរឲ្យសង្វេគយ៉ាងខ្លាំង ។ នេះគឺជាទម្លាប់ ដែលឯកឧត្តមអភិបាលខេត្ត តែងតែជួយដោះស្រាយទុក្ខលំបាក និង សំណូមពររបស់ប្រជាពលរដ្ឋដោយផ្ទាល់ តាមប្រព័ន្ធលេខទូរស័ព្ទ ២ខ្សែ ២៤ម៉ោង/២៤ម៉ោង ដែលបានផ្តល់ជូនផងដែរ ៕