សាលាឆាន់ក្នុងវត្តសាមគ្គីរតនារាម ហៅវត្តសំរោង ទំហំ ១៧x២៥ម៉ែត្រ ត្រូវបាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សម្រេចសាងសង់ជូនឲ្យបានរួចរាល់ ទៅតាមការស្នើសុំ ពីសំណាក់ព្រះសង្ឃ និង ពុទ្ធបរិស័ទ្ចចំណុះជើងវត្ត កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៦ នៅបរិវេណវត្ត ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ការសម្រេចសាង់សង់ជូននេះ ធ្វើឡើងខណៈពេលដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និង ពិនិត្យដោយផ្ទាល់ ពាក់ព័ន្ធទៅនឹងសំណូមពររបស់ព្រះសង្ឃ និង ពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានទំនាក់ទំនងមកឯកឧត្តម ។
គួរបញ្ជាក់ថាសាលាឆាន់ ដែលបាននឹងកំពុងសាងសង់ មានទំហំ ១៧x២៥ម៉ែត្រ ហើយមានការខ្វះខាតបង្ហើយបន្ថែម ជាដែក ៦លី ចំនួន ៣០០គីឡូក្រាម, ដែក ១៦លី ចំនួន ១២៥ដើម និង ស៊ីម៉ង់ចំនួន ២តោនទៀត ។ ដោយមានការចូលរួមពីអាជីវកម្មខ្សាច់ មង្គល សុវណ្ណ បានជួយជាដែក ៦លី ចំនួន ១០០គីឡូក្រាម, ដែក ១៦លី ចំនួន ៥០ដើម និង ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ បានសម្រេចបង្ហើយ ជាដែក ៦លី ចំនួន ២០០គីឡូក្រាម, ដែក ១៦លី ចំនួន ៧៥ដើម និង ស៊ីម៉ង់ចំនួន ២តោន ។
នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមក៏បានបន្តចុះសួរសុខទុក្ខបងប្អូនអាជីវករ ក្នុងផ្សារបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ព្រមទាំងបានពិនិត្យនូវយន្តការដែលបានដាក់ចេញ ដើម្បីឲ្យអ្នកដែលទទួលម៉ៅការភាស៊ី មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ី ពីលោកតា លោកយាយ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ព្រមទាំងក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រីស្រែ លាស ឬខ្ចៅខ្យង ដើម្បីចិញ្ចឹមជីវិតឡើយ គឺទុកឲ្យពួកគាត់រស់នៅបានសុខស្រួល ។
ជាងនេះទៅទៀតឯកឧត្តមក៏បាន អំពាវនាវ និង ធ្វើការណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករ គឺមិនអនុញ្ញាតិឲ្យមានការពិឃាដសត្វយកសាច់គ្រប់សត្ថឃាដដ្ឋានទូទាំងខេត្ត នៅរៀងរាល់ថ្ងៃឧបោសថសីលផងដែរ ។