ប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ ដែលជួបបញ្ហាដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និង របើកដំបូលស័ង្កសី ស្ថិតក្នុង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន ២០ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី០៣ ខែឧសភាម្សិលមួយថ្ងៃ ត្រូវបាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានកិត្តិយស និង ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មការ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ទៅផ្តល់ជូនដល់លំនៅដ្ឋាន នាព្រឹកថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៦នេះ ។
អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនទាំង ២០គ្រួសារ ដែលជួបបញ្ហាដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និង របើកដំបូលស័ង្កសី ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, តង់ខៀវ ១, ភួយ ១, មុង ១, ក្រមា ១, សារុង ១, ទឹកសុទ្ធ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និង ថវិកា ៥ម៉ឺនរៀល ។ បន្ថែមពីនោះទៀត ឯកឧត្តម ម៉ៅ ធនិន បានឧបត្ថម្ភថវិកា ៣០ម៉ឺនរៀល ដល់ប្រជាការពារ និង អ្នកភូមិ សម្រាប់ទិញម្ហូបអាហារចូលរួមសហការគ្នារៀបចំ និង លើកផ្ទះឡើងវិញ ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន បានបន្តដឹកនាំមន្ទីរជំនាញ ចុះដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រវាងប្រជាពលរដ្ឋ ៤៦គ្រួសារ ជាមួយក្រុមហ៊ុន តូច ហ៊ាវ ធ្វើការអភិវឌ្ឍន៍ដាំដំណាំកសិឧស្សាហកម្ម លើផ្ទៃដីជាង ៣ពាន់ហិកតា ដែលមានការតវ៉ាទាមទារជាកម្មសិទ្ធិជាច្រើនឆ្នាំមកហើយ នៅបរិវេណវត្តអំពួច ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ៤៦គ្រួសារ បានយល់ព្រមទទួលយកដីសម្រាប់អាស្រ័យផលស្របច្បាប់ ក្នុងមួយគ្រួសារ ១,៥ហិកតា ព្រមទាំងបានថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូ និង យកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ ជាក់ស្តែងដូចជាពួកគាត់ជាដើម ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានចែកជូនវត្ថុកំដរដៃ ជាសារុងម្នាក់១ ដល់ប្រជាពលរដ្ឋទាំង ៤៦គ្រួសារ និង ប្រជាពលរដ្ឋដែលចូលរួមស្តាប់ ព្រមទាំងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ៣០០ដុល្លារ សម្រាប់ទិញស៊ីម៉ង់ ៣តោន ចូលរួមកសាងវត្តអំពួចផងដែរ ។