ឯកឧត្តម ម៉ៅ ធនិន ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជាង៥ឆ្នាំនៅស្រុកក្រគរ ក្រៅប្រព័ន្ធតុលាការ


ពោធិ៍សាត់: នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលាឃុំឈើតុំ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះទៅសម្របសម្រួល និង ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ប្រកបដោយប្រសិទ្ធភាព និង ជឿជាក់បំផុតរវាងភាគី(ក) ៤គ្រួសារ ១~ម៉ុត ចាន់ណា ២~រឿន ឌីណា ៣~ទ្រី សុភ័ក្រ ៤~ញ៉ឹល សាខន ជាមួយភាគី(ខ) លឹម ធីតា ដែលភាគីទាំងសងខាង មានការប្តឹងផ្តល់កើតទុក្ខមិនសុខចិត្ត ជាង៥ឆ្នាំមកហើយ ពាន់ព័ន្ធទៅនឹងករណីរំលោភយកដីលំនៅដ្ឋាន ស្ថិតក្នុងភូមិទួលត្បែក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងកិច្ចដំណោះស្រាយនេះ ក៏មានការអញ្ជើញចូលរួមពី លោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ លោកប្រធានការិយាល័យ ដនសស ស្រុក លោកអធិការស្រុក លោកមេឃុំឈើតុំ លោកប្រធានភូមិទួលត្បែក និង ភាគីដែលពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ ប្រកបដោយប្រសិទ្ធភាព និង គ្មានអ្នកចាញ់ គឺតម្រូវឲ្យភាគីទាំងសងខាង បើកចិត្តឲ្យទូលាយ និយាយដោយភាពស្មោះត្រង់ត្រឹមត្រូវ ឯកឧត្តមនឹងធ្វើការដោះស្រាយជូន ។ ឯកឧត្តមមានប្រសាសន៍ថា «លុយយើងអាចរកមកពេលណាក៏បាន គ្រាន់តែយូរហើយនឹងឆាប់ ក៏ប៉ុន្តែតែចំណងមិត្តភាព ដូចជាគ្រួសារតែមួយ គឺមានជារៀងរហូត»។ បញ្ហាទំនាស់ដីលំនៅដ្ឋាននេះ គឺកើតឡើង ជាង៥ឆ្នាំមកហើយ សម្រាប់យន្តការដោះស្រាយដ៏មានប្រសិទ្ធភាព និង ជឿជាក់ក្រៅប្រព័ន្ធតុលាការ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និង ពេញចិត្តទទួលដំណោះស្រាយ ព្រមទាំងបានដកពាក្យបណ្តឹងពីតុលាការវិញ ដោយភាគី(ក)ទាំង៤គ្រួសារ ទទួលបានដី ហើយយល់ព្រមបង់ជាសាច់ប្រាក់តាមការសន្យា ដល់ភាគី(ខ) ដើម្បីបញ្ចប់ទំនាស់នេះចាប់ពីពេលនេះតទៅ ។

បងប្អូនប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និង សាក្សីនៅទីនោះ បានសម្តែងនូវការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ ចំណាយពេលវេលា របស់ឯកឧត្តមអភិបាលខេត្ត ដែលបានចំណាត់ការដោះស្រាយ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

សូមបញ្ជាក់ថានៅក្នុងថ្ងៃដដែលនោះ ឯកឧត្តមអភិបាលខេត្ត បានដោះស្រាយក្តីកង្វល់កម្មករប្រមាណ ២២៥នាក់ ដែលក្រុមហ៊ុនភាពីម៉ិច មិនបានបើប្រាក់ពលកម្មជាង ៥ខែមកហើយ ដោយឲ្យបងប្អូនរងចាំបើកប្រាក់ពលកម្ម ក្នុងចន្លោះសប្តាហ៍ក្រោយពីតំណាងក្រុមហ៊ុន ព្រមទាំងបានប្រគល់ថវិកាមួយចំនួន សម្រាប់ចូលរួមបុណ្យសព ៧ថ្ងៃ កញ្ញា ក្រិច ចាន់ដែត អាយុ១៩ឆ្នាំ ដែលបានស្លាប់ដោយសារខ្យល់កន្ត្រាក់រលំផ្ទះ សង្កត់ស្លាប់ កាលពីថ្ងៃទី ០៥ ខែ ឧសភា នៅចំណុចភូមិផ្ទះចេក ឃុំឈើតុំផងដែរ ៕

12129 121210 121211 121212 1212x 12121 12122 12123 12124 12125 12126 12127 12128