ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ៖ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និង ក្នុងនាមជាមេគ្រួសារគ្រូបង្រៀនទូទាំងស្រុកកណ្តៀង ក៏ដូចជាទូទាំងខេត្ត ឯកឧត្តមសូមឲ្យសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ពិសេសថ្នាក់ដឹកនាំ គប្បីយកចិត្តទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង ៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែកដល់ថ្នាក់ក្រោម ។ គ្រូគឺជាគ្រួសារគម្រូ និង ជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់ ទៅរកការងារអភិវឌ្ឍន៍សង្គមជាតិលើគ្រប់វិស័យ ។
ការលើកឡើងបែបនេះ ក្នុងឱកាស ឯកឧត្តមបានអញ្ជើញចុះសួរសុខទុក្ខ និង ជួបសំណេះសំណាលជាមួយ ក្រុមគ្រួសារលោកគ្រូអ្នកគ្រូទូទាំងស្រុកកណ្តៀង ប្រមាណ ៦២២នាក់ នាព្រឹកថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦ នៅវិទ្យាល័យហ៊ុនសែន កណ្តៀង ស្ថិតនៅក្នុងភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ។
ក្នុងឱកាសជួយសំណេះសំណាលនោះ ឯកឧត្តមបានជូនវត្ថុកំដរដៃ ដល់លោកគ្រូ អ្នកគ្រូ ទូទាំងស្រុកសរុបប្រមាណ ៦២២នាក់ ក្នុងម្នាក់ៗទទួលបាន សារុង១ ចំពោះស្ត្រីមានផ្ទៃពោះ ១១នាក់ ទទួលបានសារុងម្នាក់ ៥ ហើយនេះគឺជាទំលាប់របស់ឯកឧត្តម និង លោកជំទាវ ហ៊ុន ចាន់ធី តែងតែគិតគូទៅដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ គ្រប់ទីកន្លែងទាំងអស់ ៕